header ads

Sponsor

ភ្នំពេញៈ បុរសជាសន្តិសុខភោជនីយដ្ឋានសាច់អាំងជប៉ុន  "យូរេគឺ " ទើបតែទៅរៀនបើកបររថយន្តបានប្រហែលជាង១០ថ្ងៃប៉ុណ្ណោះ  មិនទាន់ចេះបើករថយន្តស្ទាត់ផង ក៏ឡើងបើករថយន្តភ្ញៀវយកទៅចតទុកអោយ ស្រាប់តែជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ហើយរុញទៅបុកទម្លុះចូលហាងទៀត តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ គ្រាន់​តែភ័យបុកពោះមិនស្ទើរ​ទេ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨:០២នាទីយប់ ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខភោជនីយដ្ឋានសាច់អាំងជប៉ុន មួយកន្លែង យីហោ "យូរេគឺ"  ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ ចម្ងាយ ៣០ម៉ែត្រ  កែងផ្លូវព្រះនរោត្តម  ក្នុងសង្កាត់បឹងកេងកងទី១  ខណ្ឌចំការមន  (បច្ចុប្បន្នកាត់ជាខណ្ឌបឹងកេងកង )។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក Lang Gruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU 2268 ជារបស់ភ្ញៀវដែលមកញាំអាហារក្នុងហាងខាងលើ ដោយបើកបំណងចូលចតនៅមុខហាង តែដោយសារចង់ជួយយកអាសារភ្ញៀវ  ទើបបុរសម្នាក់ ជាសន្តិសុខហាង សាច់អាំងជប៉ុន បានជួយបើករថយន្តរបស់ភ្ញៀវ ដើម្បីចូលចត ស្រាប់តែជ្រុលទៅបុករថយន្តម៉ាកកា មរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-8997 ដែលកំពុងបើកយឺតៗធ្វើដំណើរតាមផ្លូវ៣៦០ ក្នុងទិសដៅទល់មុខគ្នា ពីកើតទៅលិច បណ្តាលអោយរងការខូចខាត។

សាក្សីបានបន្តថា  ភ្លាមនោះសន្តិសុខរូបនោះ  មិនព្រមជាន់ហ្វ្រាំង និងកាច់សោពន្លត់ម៉ាស៊ីនទេ  ទើបធ្វើឲ្យរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តមួយគ្រឿងទៀត  ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AU-8005 ដែលចតនៅមុខហាង ហើយរុញទៅបុកបន្តរថយន្តឡិចស៊ីស(LEXUS) 250H ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-5318 ដែលចតពីក្រោយ កាមរីបាឡែននោះ  រុញផ្ទប់បុកជញ្ជាំងហាង បណ្ដាលឲ្យរថយន្តឡិចស៊ីស ធ្លាយចូលជញ្ជាំងហាង បាក់និងខូចខាតយ៉ាងដំណំតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលចូលមកពិសាអាហារ រត់ចេញមកមើល ពេញមុខហាង និងផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ ភ្លាមៗផងដែរ។

បើតាមសម្ដីបុរសជាសន្តិសុខម្នាក់ទៀតក្នុងហាងកើតហេតុខាងលើ បានប្រាប់ថា  សន្តិសុខ ដែលបើករថយន្តភ្ញៀវ បង្កឲ្យមានគ្រោះថ្នាក់នេះឈ្មោះ អឿ ភក្ដី អាយុ៣០ឆ្នាំជាង  បានធ្វើការក្នុងហាងខាងលើ យូរឆ្នាំមកហើយ  មិនដែលមានបញ្ហា  ឬបង្ករឿងប៉ះពាល់ដល់អ្នកណានោះទេ តែថ្មីៗនេះ សន្តិសុខខាងលើ ទើ​បតែទៅរៀនបើកបររថយន្ត បានប្រហែលជាង១០ថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុ ក៏សុំបើករថយន្តភ្ញៀវស៊េរីទំនើប ម៉ាកឡង់គ្រីស័រ ដើម្បីចូលចតអោយភ្ញៀវ ក្រែងរកចំណូលបានបន្តិចបន្តួចទៀត ស្រាប់តែមានរឿងបែបនេះកើតឡើងទៅវិញ មិនដឹងថា មានលុយឯណាសងគេនោះទេ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បាននាំសន្តិសុខដែលបើកបរបង្កទៅប៉ុស្តិ៍ ដើម្បីសួរនាំ អត្តសញ្ញាណ តែសន្តិសុខរូបនោះ ប្រាប់ថា គាត់សុំចូលក្នុងជួបថៅកែសិន ហើយគាត់មិនរត់ទៅណាទេ ទើបក្រោយកើតហេតុ  ស្រាប់តែម្ចាស់ហាងជាអ្នកចេញមុខជួយដោះស្រាយ ដោយសុំធានាយករថយន្តទាំង៤គ្រឿង ទៅជួសជុលអោយទាំងអស់ ដើម្បីបញ្ចប់រឿងតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post