header ads

Sponsor

ពោធិ៍សាត់ៈ អ្នកសារព័ត៌មានចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលនៃ​​អធិការនគរបាលស្រុកក្រគរ តាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីតាំងខ្លួនជាមន្រ្តី​នគរបាលជាតិ ទៅជំរិតទារប្រាក់ពីម្ចាស់ស្ថានីយប្រេង៣០០ដុល្លារ។

ម្ចាស់ស្ថានីយឈ្មោះយ៉ាន រ៉ាឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយឃុំស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២៖៤០នាទីរសៀល មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ជិះរថយន្តមួយគ្រឿងម៉ាក ឡិច​ស៊ីស៣០០ ពណ៌ប្រផេះ ស្លាកលេខបាត់ដំបង ២B០-២៤៨ បានធ្វើសកម្មភាពគំរាមយកប្រាក់ចំនួន៣០០ដុល្លារពីគាត់​ ដោយប្រាប់ថា ក្រុមខ្លួនមកពីអគ្គស្នងការនគរបាលជាតិ មានលិខិតបេសកកម្មដោយលោក ស៊ុយ សែន ហើយ​បានចោទប្រកាន់ថា ស្ថានីយលក់ប្រេងរបស់គាត់ មិនមានច្បាប់ត្រឹមត្រូវ បើសិនជារត់ការច្បាប់ អស់ប្រាក់រាប់ពាន់ដុល្លារឯណោះ តែបើសិនជាសម្រុះ​សម្រួលត្រឹមពួកគេយកត្រឹមតែ៣០០ដុល្លារតែប៉ុណ្ណោះ ដោយមនោសញ្ជេតនា។

ម្ចាស់ស្ថានីយ បានបន្តថា ក្រុមជនសង្ស័យ​បានទារប្រាក់ពីគាត់​ទាំងបង្ខំ ពេលនោះគាត់​បានឱ្យប្រាក់ត្រឹមតែ១០ដុល្លារប៉ុណ្ណោះ ដោយប្រាប់ក្រុមជនសង្ស័យថា ឲ្យទៅពិនិត្យឈ្មោះនៅពន្ធដារស្រុកបាកានទៅ ពេលនោះក្រុមជនសង្ស័យបានឡើងជិះរថយន្តដោយប្រញាប់ប្រញាល់ចេញដំណើរទៅទិសខាងកើតបាត់ ក្រោយមកគាត់ (ជនរងគ្រោះ) បានប្ដឹងមកកម្លាំងនគរបាល និងបានចេញបង្ក្រាបស្ទាក់ចាប់បានជនសង្ស័យទាំង៤នាក់ នៅចំណុចលើផ្លូវជាតិលេខ៥ មុខអធិការនគរបាលស្រុកក្រគរ។

ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ ឯម សូវិសាល ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អង្គភាពសារព័ត៌មាន(TNC)។ ២ឈ្មោះ រុំ រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង (នៅអង្គភាពសារព័ត៌មាន(NTC)។ ៣ឈ្មោះ ថុង គឹមងួន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អង្គភាពសារព័ត៌មាន (PCN)។ ៤ឈ្មោះ ឯម សុវិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង (នៅអង្គភាពសារព័ត៌មាន(CPN)។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្តមួយគ្រឿងម៉ាកឡិចស៊ីសទូរស័ព្ទដៃចំនួន៤គ្រឿង លោហធាតុពណ៌ក្រហមមួយខ្សែ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post