header ads

Sponsor

កោះ​កុង៖ កាលពីថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កោះកុង​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ថា ដោយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្នុង​រដូវវស្សា​នេះ មាន​ភ្លៀង​ច្រើន​ធ្លាក់​ជា​បន្តបន្ទាប់​ បណ្ដាល​ឱ្យ​ភូមិសាស្ត្រ​តាម​ស្រុក​ឃុំ​ភូមិ​មួយ​ចំនួន ​នៅ​ជាប់​មាត់សមុទ្រ ដង​ព្រែក និង​ស្ទឹង​អូរមាន​កម្ពស់​ទឹក​ភ្លៀង​ឡើង​ខ្ពស់ និង​នៅ​កន្លែង​ខ្លះ​មាន​ទឹក​ហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​ កាត់​ផ្លូវជាតិ​លេខ​៤៨ និង​អាច​មាន​បាក់​ដី និង​ថ្ម​ធ្លាក់​មក​លើ​ផ្លូវ​។​

​បើ​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៩ ថ្មីៗ​នេះមាន​ទឹក​ធ្លាក់​ពីលើ​ភ្នំ​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤៨ ត្រង់​ចំណុច​ PK131-132 ក្បែរ​ស្ពាន​ភូមិ​ដូងហៅ​ស្ពាន​តា​តៃ ដោយ​មាន​​បាក់​ដី និង​ដុំ​ថ្ម​ខ្លះ​ៗ​មក​លើ​ទ្រុង​ថ្នល់​។ ភ្លាមៗ​នោះ​បញ្ហា​នេះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត សហការ​ជាមួយ​អាជ្ញា​ធរ​​ស្រុក និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តចុះទៅ​ដល់​ទី​តាំង និង​យក​គ្រឿងចក្រ​ទៅ​កាយ​ប្រឡាយ​ទឹក​ ដោយ​សម្រួល​ចរាចរណ៍​ធ្វើដំណើរ​បានជា​ប្រក្រតី​។ ដោយឡែក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ប្រតិភូ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនដឹកនាំ​ដោយ​ឯកឧត្ដម យិ​ត ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព្រមទាំង​កងវិស្វកម្ម​ស្ពាន​១៧៨ របស់​ក្រសួងការពារជាតិបាន​ចុះ​ពិនិត្យ ហើយ​បាន​​ជួសជុល​ចិញ្ចើម​ផ្លូវ​ដែល​រង​ការ​ខូចខាត ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ និង​ប្រព័ន្ធ​បង្ហូរទឹក​។​

​ជាមួយ​គ្នា​នេះ​រដ្ឋបាល​ខេត្ត​កោះកុងបាន​ប្រកាស​ ដល់​សាធារណជន​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ អំពី​ជំនន់​ទឹក​ភ្លៀង​តាម​តំបន់​មួយ​ចំនួន និង​សូម​អ្នក​បើកបរ​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤៨ ដើម្បី​បង្ការ​ជៀសវាង​នូវ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ អំឡុង​ពេល​ភ្លៀង​ធ្លាក់​ក្នុង​រដូវវស្សា​នេះ​។ អាជ្ញាធរ​ខេត្តស្នើ​ដល់​អាជ្ញាធរ​ក្រុង ស្រុក និង​ឃុំ ទាំងអស់ត្រូវ​បន្ត​អនុវត្ត​ដោយ​យកចិត្តទុកដាក់ ​តាម​ខ្លឹមសារ​នៃ​ការ​ជូន​ដំណឹង​ខាងលើ ដោយ​ជឿជាក់​លើ​ស្មារតី​ចូលរួម​សហការ ​អនុវត្ត​អោយ​បាន​ល្អ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ មន្ទីរ​វិស័យ​ពាក់ព័ន្ធ និង​ការប្រុងប្រយ័ត្ន​របស់ប្រជាពលរដ្ឋ​ក្នុង​ការ​បង្ការ និង​ជៀស​ផុត​ពី​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post