
តាកែវ៖ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធខេត្តតាកែវបានរៀបចំធ្វើពិធីបរិភោគសាច់ជ្រូកនៅមុខផ្សារតាកែវ ក្រោមប្រធានបទ «កម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាពខេត្តតាកែវ» ក្រោមវត្តមាន និងដឹកនាំដោយលោក អ៊ូច ភា អភិបាល និងមន្រ្តីជុំវិញខេត្ត រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករលក់សាច់ជ្រូកក្នុងផ្សារតាកែវ។
លោក អ៊ូច ភា បានថ្លែងថា បន្ទាប់ពីការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកមក កម្ពុជាជាពិសេសនៅក្នុងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គបូរី ខេត្តតាកែវ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជា នៅក្នុងខេត្តតាកែវ ឈប់បរិភោគសាច់ជ្រូក និងទិញសាច់ជ្រូកនៅក្នុងផ្សារយកទៅបរិភោគ ដោយភ័យខ្លាចពីជំងឺមួយនេះ។
អភិបាលខេត្តតាកែវ បានបន្តថា ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ។ ម្យ៉ាងទៀត ការហូបសាច់ជ្រូកឡើងវិញ ដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមក្នុងស្រុក និងបងប្អូនអាជីវករលក់សាច់ជ្រូកផងដែរ។





