header ads

Sponsor

ភ្នំពេញៈ ប្រជាពលរដ្ឋភូមិថ្នល់បត់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ានឹងកងពលនាយទាហានលេខ៧០ បានធ្វើការឈូសឆាយដីចម្ការរាប់សិបហិកតាពួកគាត់​ ដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ដែលចុះវាស់វែងដោយក្រុមយុវជនសម្តេចតេជោ។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្នុងភូមិថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយក្រុមមានប័ណ្ណ​រឹង២៧ប្លង់ បាន​ផ្ទុះការតវ៉ារឿងដីរបស់ពួកគាត់មាន​កម្មសិទ្ធិត្រឹមត្រូវ បែរជាមានភាគីខាងទាហានកងពលតូចលេខ៧០ថា ជាដីរដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិវិញ ដោយបានយកគ្រឿងចក្រ៣គ្រឿងមកធ្វើការឈូសឆាយផ្តាច់ដីនិងផ្លូវ។

លោក យ៉ា ឆេត រស់​នៅ​ភូមិថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា តំបន់ដីស្រែចម្ការត្រង់ចំណុចជាប់ជើងភ្នំ ភូមិថ្នល់បត់ប្រមាណជាង៤០ហិកតា ជាដីស្របច្បាប់មានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ ហើយដីនេះ ត្រូវបានវាស់វែងដោយក្រុមយុវជនសម្តេចតេជោ និងចេញប័ណ្ណកម្មសិទ្ធិគ្រប់គ្រងឱ្យអ្នកភូមិក្នុងឆ្នាំ២០១៣។ ប៉ុន្តែមូលហេតុអ្វីបាន ប័ណ្ណ០០១នេះ មិនមានប្រសិទ្ធភាពបែបនេះ ខណៈក្រុមកងពលទាហាននៅឈូសឆាយ ពុះ ច្រៀក ផ្តាច់ផ្លូវ និងដី បែបនេះ។

ជាមួយគ្នានោះ លោក នេត សឿន ប្រជាពលដ្ឋក្នុងភូមិ និងជាម្ចាស់ដីមួយផ្នែក ក្នុងនោះ បានប្រាប់ដែរថា ប្រជាពលរដ្ឋក្នុងភូមិបានរស់នៅ មកកាន់កាប់ដីជុំវិញតំបន់នោះ ធ្វើស្រែ ធ្វើចម្ការ តាំងឆ្នាំ១៩៨៥ មកម្ល៉េះ។ ឆ្នាំ២០១៣ បានសម្តេចតេជោ បានចេញប័ណ្ណ០០១ឱ្យដីប្រជាពលរដ្ឋណា ដែលរស់នៅប្រកបធ្វើស្រែចម្ការពិតប្រាកដ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិឱ្យ ហើយក៏ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិថ្នល់បត់ ឃុំពេជ្រមុន្នី សប្បាយចិត្តត្រេកអរ ដែលមាន​ប្លង់រឹងលែងព្រួយបារម្ភ។ ប៉ុន្តែដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្រាប់តែមានខាងទាហានមកមើលពិនិត្យ និងអះអាងថា ជាដីរបស់ទាហានទៅវិញ ដែលធ្វើឱ្យពួកគាត់មានងឿងឆ្ងល់ជាខ្លាំង លុះដល់ថ្ងៃទី៨ និង៩ ខែសីហា ឆ្នាំ២០១៩ ចូលមកសម្រុកឈូសឆាយបំផ្លាយដំណាំរបស់ពួកគាត់តែម្តង។

ក្រុមគ្រួសារអ្នកស្រី យី សោភា ដែលមានប័ណ្ណកម្មសិទ្ធិគ្រប់គ្នាៗ បានប្រាប់ថា ប្រសិនបើក្រុមគ្រួសាររបស់អ្នកស្រី បានដឹងថា តំបន់ដីជាប់ជើងភ្នំភូមិថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានបញ្ហា ឬជាដីក្រោម ស.ជ.ណ របស់ទាហាននោះ ក៏មិនទៅ​ប៉ះពាល់ ឬទៅទិញដែរ ព្រោះដីទាំងនោះមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ចេញពីស្រុក ចេញមន្ទីរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ទើបទិញមកធ្វើចម្ការ ប៉ុន្តែបែរជាមានបញ្ហាបែបនេះកើតឡើងទៅវិញ។ ប៉ុន្តែអ្នកស្រីឆ្ងល់មូលហេតុអ្វី ដីស្រែចម្ការ របស់ក្រុមគ្រួសារអ្នកស្រី និងអ្នកភូមិ សុទ្ធតែមានប្លង់រឹង ហើយបានបង់ពន្ធត្រឹមត្រូវ ដែលវាស់វែងចេញពីក្រុមយុវជនវាស់វែងដីរបស់ម្តេចតេជោកាលពីឆ្នាំ២០១៣នោះ ម្តេចបានជាទាហានកងពលតូចលេខ៧០ថា ជាដីទាហានទៅវិញ។

ប្រជាពលរដ្ឋក្នុងភូមិនិងក្រុមគ្រួសាររបស់អ្នកស្រី សូមលើកដៃសំពះអំពាវនាវដល់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ជួយមេត្តាអាណិតដល់កូនចៅជួយរកយុតិ្តធម៌ និងដោះស្រាយបញ្ហានេះផង។

ជុំវិញរឿងនេះ ឧត្តមសេនីយទោ សៅ ខាន់ មេបញ្ជារការរងកងពលតូចលេខ៧០ បានបកស្រាយបញ្ហានេះថា ក្រុមទាហានរបស់លោកមិនមែនមករំលោភដីធ្លីរបស់ប្រជាពលរដ្ឋនោះទេ។ ជាការអនុវត្តមានទៅតាមបទបញ្ចាថ្នាក់លើឱ្យអនុវត្តទៅតាម ស.ជ.ណ ដែលមានប្លង់ចេញពីក្រសួងការពារជាតិ ក្នុងការសង់ឃ្លាំងបច្ចេកទេសពិសេស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post