
ភ្នំពេញៈ ម្តាយ និងកូនស្រីរូបស្រស់សោភា២នាក់ បានរងរបួសបែកមុខបែកមាត់ និងរលាត់ដៃរលាត់ជើង បន្ទាប់ពីជិះម៉ូតូធូដេមួយគ្រឿង ដឹកគ្នាតាមដងផ្លូវ ត្រូវក្រុមចោរធ្វើសកម្មភាពឆក់ កាបូប ទាញបណ្តាលឲ្យដួលម៉ូតូ ហើយក្រុមចោរជិះគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចខណ្ឌដូនពេញបន្តិចសោះឡើយ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី១១យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចហួស សណ្ឋាគារ ញ៉ូយ៉ក ប្រហែល១០ម៉ែត្រ ស្ថិតតាមមហាវិថីព្រះមុនីវង្សកែងផ្លូវ ១០៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម្តាយ និង កូនស្រី បានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌បៃតង ពាក់កណ្ដាល ភ្នំពេញ 1GI-0524។ ធ្វើដំណើរដឹកគ្នា តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយមិនបានប្រុងប្រយ័ត្ន ស្រាប់តែលេចមុខក្រុមចោរមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ៣គ្រឿង សុទ្ធតែឌ្រីមសង់ មកតាមពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះពីរនាក់ម្តាយកូនខាងលើ បានសម្រេច ហើយធ្វើឲ្យម៉ូតូជនរងគ្រោះដួលរងការខូចខាត និងបណ្តាលឲ្យស្ត្រីជាម្តាយរងរបួសបែកមុខបែកមាត់ បាត់បង់ស្មារតី រីឯកូនស្រីរងរបួសស្រាលរលាត់ដៃរលាត់ជើង ដោយឡែកក្រុមចោរ បានបន្ថែមល្បឿនគេចខ្លួនបាត់ដោយសុវត្ថិភាព។
ស្របពលនោះដែរ គេឃើញកម្លាំងល្បាតខណ្ឌ៧មករា ដែលល្បាតជាប់ព្រំប្រទល់កន្លែងកើតហេតុ ចុះមកជួយហៅរថយន្តសង្គ្រោះ និងរាយការណ៍តាមវិទ្យុទាក់ទង ប្រាប់សមត្ថកិច្ចខណ្ឌដូនពេញ បានដឹងផងដែរ។
ក្រោយមកក៏មានរថយន្តសាមូយមន្ទីរពេទ្យកាល់ម៉ែត្រ និងរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក ឯកជន បានមកដល់កន្លែងកើតហេតុ ប៉ុន្តែជនរងគ្រោះមិនព្រមឡើងរថយន្តសង្គ្រោះទៅធ្វើការព្យាបាលនោះទេ ដោយរងចាំទាក់ទងទៅសាច់ញាតិអោយមកទទួលយកទៅព្យាបាលវិញ។ ជនរងគ្រោះ ក៏មិនបានបញ្ជាក់អត្តសញ្ញាណ និងច្បាស់ពីទ្រព្យសម្បត្តិនៅក្នុងកាបូប ដែលត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទៅនោះដែរ គឺគ្រាន់តែប្រាប់ថា បាត់បង់ទូរស័ព្ទមួយ គ្រឿង(មិនដឹងម៉ាកអ្វី )និងលុយដុល្លារមួយចំនួនប៉ុណ្ណោះ។
បន្តិចក្រោយមកសាច់ញាតិជនរងគ្រោះក៏បានមកដល់កន្លែងកើតហេតុ ហើយក៏បានជិះម៉ូតូរបស់ជនរងគ្រោះ និងដឹកជនរងគ្រោះតាមម៉ូតូបីយកទៅព្យាបាល ដោយមិនបានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍ សមត្ថកិច្ចនោះទេ ទាល់តែជនរងគ្រោះត្រូវបានសាច់ញាតិ ជិះកង់បីឥណ្ឌាមកដឹកយកទៅមន្ទីរពេទ្យបាត់អស់ទៅ ទើបឃើញសមត្ថកិច្ចខណ្ឌដូនពេញ មកដល់ កន្លែងកើតហេតុ៕









