header ads

Sponsor

ព្រះសីហនុៈ ទាក់ទងនឹងសាលារៀន​នៃ​ក្តីសង្ឃឹម​ក្នុង​ខេត្ត​ព្រះសីហនុ​ អស់​ពេល​ជិត​ ២០ ​ឆ្នាំ​មក​ហើយ​ដោយ​បណ្ដុះបណ្ដាល​សិស្ស​ក្រីក្រ និង​ចិញ្ចឹម​កុមារកំព្រា​ប្រមាណ​ ៧ ​ម៉ឺន​នាក់​ គិត​មក​ទល់​បច្ចុប្បន្ន ស្រាប់តែ​ក្រសួង​សង្គមកិច្ច​បាន​បញ្ជា​ឲ្យ​សាលា លោកគ្រូ អ្នកគ្រូ​រៀបចំ​​ឯកសារ​រើចេញ​ពី​ក្នុង​សាលា​។

នាយកសាលា​នៃ​សេចក្តីសង្ឃឹមថា ក្រសួង​សង្គមកិច្ច​បាន​ប្រើ​ល្បិចកល​ទុច្ចរិត​បញ្ឆោត​ឲ្យ​​ប្រធាន​អង្គការ​របស់​លោក​ដែល​ជា​ជនបរទេស​មិន​ចេះ​ភាសា​ខ្មែរ ចុះហត្ថលេខា​លើ​ឯកសារ​សរសេរ​ជា​អក្សរ​ខ្មែរ​ក្នុង​ការផ្ដល់​ដី​សាលា​ជូន​ក្រសួង​សង្គមកិច្ច​ខណៈ​ដី​ជាង​ ១ ​ហិកតា​នោះ អង្គការ​បាន​ដោះដូរ​ជា​ទឹកប្រាក់​ពី​ពលរដ្ឋ និង​បន្តកាន់កាប់​តាំងពី​ឆ្នាំ ២០០២ មក​នោះ​។

ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បានចុះស្រាវជ្រាវ​​  ហើយបាន​ចាត់ទុកថា ករណី​នេះ​គឺជា​រឿង​អំពើពុករលួយ ​ព្រោះក្រោយពី​ផ្ទុះ​រឿងនេះ​ក៏​មាន​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​មួយរូប​បាន​យក​លុយ​ចំនួន​ ៤ ​ម៉ឺន​ដុល្លារ​អាមេរិក​មក​ឲ្យ​ខាងសាលាដើម្បី​ជា​​ថ្នូរ​កុំ​ឲ្យ​ប្ដឹងតវ៉ា និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ និង​ឃុបឃិត​ជា​ប្រព័ន្ធ​ក្នុង​ចេតនា​យក​ដី​សាលា​នេះ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ​ ហើយជុំវិញ​ភាពមិន​ប្រក្រតី​ទាំងនេះ ឯកឧត្តមនឹង​ដាក់​របាយការណ៍​ស្រាវជ្រាវ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​អន្តរាគមន៍​ករណី​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក ជុំវិញ​ដី​សាលា​នៃ​ក្តីសង្ឃឹម​ទំហំ​ជាង​ ១ ​ហិកតា​ នៅ​ខេត្ត​​ព្រះសីហនុ​ដែល​ក្រសួង​សង្គមកិច្ច​ដាក់​ឱសានវាទ​ ៣ ​ខែ​ឲ្យ​សាលា​នេះ​រើចេញ​។

យ៉ាងណា​លោក តូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុវនីតិសម្បទា​បាន​ប្រាប់​ឲ្យដឹងថា ការសម្រេច​របស់​ក្រសួង​គឺ​មាន​ឯកសារ​ត្រឹមត្រូវ​ដែល​បញ្ជាក់ថា ដី​ទាំងនេះ​គឺជា​កម្មសិទ្ធិ​របស់​ក្រសួង ហើយ​ការ​ដែល​តម្រូវ​ឲ្យ​សាលា​នេះ​រើចេញ ពីព្រោះ​ក្រសួង​ត្រូវការ​ទីតាំង​ដើម្បី​អភិវឌ្ឍ​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា​គម្រោង​អភិវឌ្ឍន៍​នេះ​ជា​អ្វី​នោះ​ទេ ដោយ​លោក​គ្រាន់តែ​ឆ្លើយតប​ថា ការផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ក៏​ជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ដែរ​។

ឯកឧត្តម វឌ្ឍនាសាប៊ុង ហៅ វិល្លាម បញ្ជាក់​ថា​៖ «​បើ​យើង​ចង់​អភិវឌ្ឍ ធ្វើ​វា​ (​សាលា​)​ ​ឲ្យ​ទៅ​ជា​ស្តង់ដា​អន្តរជាតិ​ទៅ ប៉ុន្តែ​វា​មិនមែន​អ៊ីចឹង​ទៀត​តាម​ដឹង​​មាន​ប្លង់​រហូត​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន ហើយ​នៅពេល​មាន​ការប្តឹង​ដល់​ខ្ញុំ មាន​អ្នក​យកលុយ​ទៅ​សូក ហើយ​នេះ​គឺ​បង្ហាញ​ពី​ភាពមិនប្រក្រតី​ហើយ​»​។ «​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ក្នុង​កិច្ចការ​នេះ​​មិន​ថា ប្រឈម​ធំ​ប៉ុនណា​ទេ​ សំខាន់​ខ្ញុំ​រីករាយ​នឹង​បម្រើ​ប្រជាជន​របស់​ខ្ញុំ​ដោយ​ស្ម័គ្រចិត្ត​ហើយ​​រឿងនេះ​អ្នកពាក់ព័ន្ធ​ក៏ត្រូវ​ត្រៀម​ខ្លួន​ដែរ កុំ​ថា គេច​ទៅណា អត់​គេច​រួច​ទេ​»​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post