
ភ្នំពេញៈ បុរសម្នាក់ បើកម៉ូតូ PCX មួយគ្រឿង ក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង មុខវិទ្យាល័យ ជាស៊ីម សាមគ្គី មិនបន្ថយល្បឿន ស្រាប់តែជ្រុលឡើងទៅបុកឃឿនចិញ្ចើមផ្លូវ ហោះផ្លោងទៅបោកផ្ទប់ចំបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង ខ្ទាតបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖១០នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវ២៧១ ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ មាស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអគ្គនាយក ក្រុមហ៊ុនឯកជន IBC ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងទីកន្លែងកំណើតផ្ទះលេខ៨៦បេ ផ្លូវ៦៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានបានប្រាប់អោយ “ខេមប៉ុស្តិ៍” ដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ម៉ាកហុងដា ភីស៊ីអ៊ិច (Honda PCX) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-9519 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនពេក លុះដល់ចំណុចកើតហេតុផ្លូវកោង ស្រាប់តែបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវ ហោះផ្លោងទៅបោកផ្ទប់ចំបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង ខ្ទាតបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មកណ្ដាលផ្លូវ។ ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុភ្លាមៗ គេឃើញស្ត្រីម្នាក់ពាក់វ៉ែនតាដែលជាប្អូនស្រីពៅ របស់ជនរងគ្រោះ បានទទួលព័ត៌មានថា ជនរងគ្រោះបានស្លាប់ ក៏ប្រញាប់ប្រញាល់មកមើល និងទួញសោកស្ដាយជាខ្លាំង។
ក្រោយមកសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍នៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តពោធិ៍ចិនតុង។ ចំណែកម៉ូតូយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារវិញនៅពេលក្រោយ ៕










