header ads

Sponsor

ស្វាយរៀងៈ នៅរសៀលថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក​ តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ការិយាល័យអប់រំ យុវជន និងកីឡាស្រុករមាសហែក ចូលរួមគោរពវិញ្ញាណក្ខន្ធ​ រំលែកទុក្ខ គរុសិស្ស គង់ និវឌ្ឍន៍ ជំនាន់ទី៣៧ ឆ្នាំទី១ ដែលបានស្លាប់ដោយសារខ្យល់គរ ពេល​ចូលរួមបំពេញភារកិច្ចជាសមាជិកជំនួយការអប្បមាទ ប្រលងបាក់ឌុបថ្នាក់ទី១២ សម្រាប់ឆ្នាំ២០១៩។

ទន្ទឹមនោះ ក្នុងនាមលោក​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការក្នុងខេត្តស្វាយរៀង ពិតជាមានក្តីរន្ធត់ក្តុកក្តួល និងសោកស្តាយចំពោះមរណភាពរបស់លោក គង់ និវឌ្ឍ ជាគរុសិស្សរៀនឆ្នាំទី១ សាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តស្វាយរៀង ។ លោក គង់ និវឌ្ប បាននចូលរួមបំពេញភារកិច្ចជាសមាជិកជំនួយការអប្បមាទ នៅមណ្ឌលប្រឡង វិទ្យាល័យស្វាយជ្រំ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩សីហា២០១៩ ហើយលោកបានចូលរួមចំណែកយ៉ាងធំធេង ដល់ភាពជោគជ័យក្នុងការប្រឡង។

មរណភាពរបស់ គរុសិស្ស គង់ និវឌ្ឍន៍ ជាការបាត់បង់ កុលបុត្រគំរូមួយរូប ដែលជាអនាគតមន្រ្តីអប់រំ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញា ប្រកបដោយស្មារតីវិជ្ជាជីវៈ បម្រើការងារក្នុងបុព្វហេតុសង្គមកម្ពុជាទាំងមូល។

រដ្ឋបាលខេត្តស្វាយរៀង សូមបួងសួងជូនដល់វិញ្ញាណក្ខន្ធ គរុសិស្ស គង់ និវឌ្ឍ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តន៍ កុំបីឃ្លៀងឃ្លាតឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post