Sponsor

ភ្នំពេញៈ បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បានដឹកភ្ញៀវជនជាតិ​ចិន ចេញពីផ្សារអ៊ីអន ម៉លទៅមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ជិតស្ពានអាកាសក្បាលថ្នល់ ហើយជនជាតិចិននោះ ចង់ឲ្យដឹកបន្តទៅម្តុំទឹកថ្លាវិញ ប៉ុន្តែថែមលុយអោយតែមួយដុល្លារប៉ុណ្ណោះ ចំណែកខាងអ្នកបើកបរម៉ូតូកង់បីឥណ្ឌា មិនព្រមទៅ ក៏ឈ្លោះប្រកែកគ្នា ហើយខាងជនជាតិចិនយកដុំឥដ្ឋគប់ បណ្តាលអោយ រងរបួសទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២១  ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម នៅចំណុចទល់មុខអគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ចម្ងាយពីស្ពានអាកាសក្បាលថ្នល់ ប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សិន សុផា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាអ្នកបើកបររ៉ឺម៉កម៉ូតូកង់បី ឥណ្ឌា ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ចំណែកជនជាតិចិន ទាំងពីរនាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

តាមសាក្សី ដែលឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពណ៌ស ដឹកបុរស២នាក់ជាភ្ញៀវជនជាតិចិនមកពីផ្សារ ទំនើបអ៊ីអន  ធ្វើដំណើរតាមផ្លូវព្រះនរោត្តមទៅមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ក្បែរស្ពានអាកាស ក្បាលថ្នល់ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែភាគីខាងបុរសជា ជនជាតិចិ នោះ រករឿងភាគីខាងអ្នកបើកបរម៉ូតូកង់បីឥណ្ឌា អោយដឹកពួកគេទៅម្តុំទឹកថ្លា វិញ  និងថែមលុយអោយមួយដុល្លារ។

ប្រភពបន្តថា ពេលនោះបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាមិនព្រមទៅ ក៏ស្រាប់តែបុរសជា ជនជាតិចិន យកដុំឥដ្ឋចំនួន៤ដុំ មកវាយទៅលើអ្នកបើកបររ៉ឺម៉កម៉ូតូកង់បី បណ្តាលអោយ រយះដៃ និងជើងហើយជនជាតិចិន បានវាយម៉ូតូកង់បីឥណ្ឌាថែមទៀត ទើបមានអ្នកបើកបរម៉ូតូកង់បីផ្សេងៗទៀត មកជួយឃាត់កុំអោយប្រើអំពើហិង្សាបែបនេះ។ ភ្លាមៗនោះដែរ បុរសជា ជនជាតិចិន និយាយថា អ្នកបើកបរម៉ូតូកង់បី ឥណ្ឌាម្នាក់ខាងលើ បានយកដំបងទីប វាយមក  លើខ្លួន បណ្តាលអោយរងរបួសរយះដៃម្ខាង លុះមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចប៉ុស្តិ៍ ទន្លេបាសាក់ បានមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនភាគីទាំងសងខាង យកទៅកាន់ស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការ តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor