header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ឆ្លៀតឱកាសម្ចាស់កង់បី ដើរទៅហៅម៉ូយ នៅក្លឹបប្លូឡាញ ស្រាប់តែមានម្នាក់ សម្ងំធ្វើសកម្មភាពផ្តាច់ខ្សែកុងតាក់ម៉ូតូកង់បីឥណ្ឌា Pass App មួយគ្រឿង  និង២នាក់ទៀត អ្នកមើលផ្លូវ តែមិនទាន់បានសម្រេចផង  ត្រូវបានម្ចាស់កង់បីក្រឡេកឃើញទាន់ ក៏ស្រែកចោរៗ ផ្អើលដល់​ប្រជាពលរដ្ឋ និងអ្នករត់កង់បីនៅជិតនោះ ព្រមទាំង​សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ជួយចាប់បានទាំង៣នាក់តែម្ដង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២:១៥នាទីយប់ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបប៊្លូឡាញ លើផ្លូវ២៧១ ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហ៊ុល សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើចំការ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។ ទី២.ឈ្មោះ ផា ស៊ុយទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ រស្នាក់នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ទី៣.ឈ្មោះ ផល លីឆេង ហៅម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចំការ ស្នាក់នៅស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកម្ចាស់កង់បីឥណ្ឌាពាក់ស្លាកលេខភ្នំពេញ 1HJ-8465 ឈ្មោះ គិរី រតនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ 1HJ-8465 មកចំណុចកើតហេតុខាងលើ រួចដើរទៅហៅម៉ូយនៅក្លឹបប្លូឡាញ ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ម្នាក់មកផ្តាច់ខ្សែកុងតាក់ម៉ូតូកង់បីឥណ្ឌា និង២នាក់ទៀតអ្នកមើលផ្លូវ ពេលនោះជនរងគ្រោះឃើញក៏ស្រែកឆោឡោផ្អើលកម្លាំងល្បាតប៉ុស្តិ៍បឹងទំពុនទី១ បានឃើញធ្វើការឃាត់ខ្លួនបានទាំង៣នាក់តែម្តង បញ្ជូនមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post