header ads

Sponsor

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន បុរី ប៉េងហួត ដោយមានការចូលរួមពីក្រម JICA និងក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងស្ថាបនាផ្លូវក្រោមដីតភ្ជាប់ពីទីតាំងផ្លូវផ្សារទំនើប ភីអេច អេកូ ម៉ល (PH ECO MALL)ទៅផ្លូវជាតិលេខ១ ក្បែរស្ថានីយទូរទស្សន៍បាយ័ន ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំបច្ចេកទេស លើសំណើសុំគោលការណ៍ស្ថាបនាផ្លូវក្រោមដីនេះ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គម្រោងស្ថាបនាផ្លូវក្រោមដីដោយតភ្ជាប់ពីទីតាំងផ្លូវផ្សារទំនើប ភីអេច អេកូ ម៉ល (PH ECO MALL) ភ្ជាប់ទៅផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើឡើងដើម្បីរំដោះចរារណ៍លើកំណាត់ផ្លូវជាតិលេខ១  ពោលគឺបើប្រជាពលរដ្ឋ ចាក់ចេញពី បុរីប៉េងហួត និងផ្សារទំនើប ភីអេច អេកូ ម៉ល ត្រូវមុជក្រោមដី ក្រោមផ្លូវជាតិលេខ១ឆ្ពោះមករាជធានីភ្នំពេញ។

នៅតំបន់នេះមានប្រជាពលរដ្ឋរស់នៅច្រើន និងបានធ្វើចរាចរលើផ្លូវនេះ ដែលទាមទារអោយមាន U turn ដើម្បីជួយសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្បែរផ្សារ។ ក្នុងឆ្នាំ២០៣៥ អាចនឹងមាន Sky train ត្រង់ចំណុចនេះ នៅពេលសាងសង់ត្រូវទុកគម្លាតសម្រាប់គ្រឹះរបស់ Sky train។

រដ្ឋបាលរាជធានីភ្នំពេញ មានបទពិសោធន៍លើការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាច្រើននៅក្នុងរាជធានី។ ជាក់ស្តែពេលនេះ បាននិងកំពុងសាងសង់ស្ពានអាកាសចោមចៅផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាជាមួយក្រុមហ៊ុនបុរីប៉េងហួតនិងអង្គកា JICA មុនស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ កិច្ចប្រជុំលើគម្រោងនេះបានឯកភាពលើការងារមួយចំនួន ក្នុងនោះរួមមានការងារនេះត្រូវបង្កើតគណៈកម្មការមួយ ដោយធ្វើលិខិតស្នើសុំតំណាងពីក្រសួងសាធារណការដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, អគ្គិសនីកម្ពុជា (EDC), ទូរគមនាគមន៍កម្ពុជា (TC), មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីចូលរួម។ សិក្សាច្រកផ្លូវចេញ-ចូល ឆ្លងកាត់ក្រោមផ្លូវជាតិលេខ១ជាកញ្ចប់ព្រោះទៅអនាគតនឹងមានប្រជាពលរដ្ឋនៅតំបន់នេះធ្វើដំណើរចេញចូលយ៉ាងច្រើនក្រោយពេលអភិវឌ្ឍរួច ដែលត្រូវមានជំរាលនិងចិញ្ចើមផ្លូវសម្រាប់ជនពិការផងដែរ។ ត្រូវមានការប្រជុំដោះស្រាយផលប៉ះពាល់ និងវាយតម្លៃការចំណាយលើគម្រោង។ ការសិក្សាអំពីលក្ខណៈបច្ចេកទេសផ្លូវក្រោមដី ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ក្រុមហ៊ុនដែលជាអ្នកទទួលការសាងសង់ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលើបទដ្ឋានបច្ចេកទេសតាមស្តង់ដារបស់ប្រទេសជប៉ុន៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post