header ads

Sponsor

កំពង់ឆ្នាំងៈ ក្មេងស្រីពីរនាក់ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ ខណៈកុមារីរងគ្រោះទាំង២នាក់ បានដើរតាមជីតា ទៅឃ្វាលគោនៅវាលស្រែ ខាងកើតភូមិ ដែលមានចម្ងាយប្រមាណជ១គីឡូពីផ្ទះ។

ហេតុការណ៍សោកសង្រេងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្រះ ទឹកមួយកន្លែង កណ្ដាលវាលស្រែស្ថិតក្នុងភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះទាំង២នាក់ បានឲ្យដឹងថា កុមារីរងគ្រោះទាំងពីរនាក់ ១-ឈ្មោះ ឆន សុទ្ធរក្សា អាយុ៨ឆ្នាំ ឪពុកឈ្មោះ សន កុសល និងម្ដាយឈ្មោះ បឿន សំឡូត កុមារីរងគ្រោះទី ២ឈ្មោះ សាំង កញ្ចនា អាយុ៦ឆ្នាំ ឪពុកឈ្មោះ ស៊ីម វុទ្ធី និងម្ដាយឈ្មោះ សន ស្រីពូល កុមារីរងគ្រោះទាំង២ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុង ភូមិឃុំកើតហេតុខាងលើ។

ប្រភពខាងលើដដែល បានអោយដឹងបន្តទៀតថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះទាំងពីរនាក់បងប្អូនជីដូនមួយ បានតាមជីតារបស់ពួកគេទៅឃ្វាលគោនៅវាលស្រែ លុះដល់ម៉ោង ២៖៣០នាទីរសៀល ដោយជីតាមិនឃើញ ពួកក្មេងស្រីគេនៅកន្លែងឃ្វាលគោនោះ គាត់ក៏បានទុកគោចោល ហើយដើរមករកចៅនៅផ្ទះ ពេលមកដល់ផ្ទះរកចៅគ្រប់ច្រកល្ហកមិនឃើញ គាត់ក៏ត្រឡប់ទៅកន្លែងឃ្វាលគោវិញ និងដោយមានការសង្ស័យខ្លាច ក្រែងចៅចុះលេងទឹកក្នុងស្រះ ហើយលង់ទឹកស្លាប់ ជីតាក៏បានចុះមុជរាវរកចៅក្នុងស្រះទឹកតែម្នាក់ឯង តែរកមិនឃើញ គាត់ក៏បានដើទៅហៅប្រមូលអ្នកភូមិ ដែលនៅក្បែរនោះឱ្យមកជួយរាវរក  ហើយក៏បានប្រទះឃើញកុមារីរងគ្រោះ បានលង់ទឹកស្រះឱបគ្នាស្លាប់នៅ ក្នុងទឹកទាំងពីរនាក់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុរួចមកសមត្ថកិច្ចបានកំណត់ថា ការស្លាប់របស់ក្មេងស្រីរងគ្រោះទាំង ២នាក់ខាងលើនេះ គឺពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពក្មេងស្រីរងគ្រោះទាំង ២ នាក់ប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យនៅថ្ងៃកើតហេតុនោះផងដែរ។

ដោយរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន ទឹកអាចដក់គ្រប់ទីកន្លែង  ដូច្នេះបងប្អូនប្រជាពលរដ្ឋ  គួរតែប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដែតបណ្ដោយ ឲ្យដើរលេងដោយគ្មានមនុស្សចាស់ទៅជាមួយខ្លាចក្រែង នាំគ្នាចុះលេងទឹកស្រះ ត្រពាំង អូរ ឬ បឹងបូរ ផ្សេងៗអាចកើតមានគ្រោះថ្នាក់ ជាយថាហេតុ  ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នជាមុនគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានដូចករណីខាងលើនេះ ដែលមើលទៅគួរអោយសង្វេគណាស់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post