
ករណីនេះ កើតហេតុឡើងនៅវេលាម៉ោង១១៖៣០នាទីក្នុងរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពេលដែលជនរងគ្រោះជិះម៉ូតូម៉ាក XR230 ពណ៌ស-ក្រហមស្លាកលេខ ភ្នំពេញ1HK-6543 ធ្វើដំណើរទៅធ្វើការពេលយប់ពីក្រុងព្រះសីហនុ ទៅព្រលានយន្តហោះកងកេង បានបុកពីក្រោយ រថយន្តដឹកសំរាមដែលឈប់ចតនៅពេលយប់គ្មានដាក់ស្លាកសញ្ញា បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះ ឈ្មោះ ញុល សារឿន ភេទប្រុស អាយុ២៩ឆ្នាំ ធ្វើការនៅព្រលានយន្តហោះ កងកេង ខេត្តព្រះសីហនុ មុខជំនាញខាងពន្លត់អគ្គិភ័យ មានទីលំនៅភូមិ១ សង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុ ។
ចំណែករថយន្តដឹកសំរាមម៉ាក HYUNDAI ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ កម្មសិទ្ធិរបស់ក្រុមហ៊ុន ដឹកសំរាម KSWM មានទីតាំងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
ក្រោយកើតហេតុរថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕




