
បន្ទាយមានជ័យៈ បុរសចិត្តល្អម្នាក់ បានសម្រេចចិត្តបើករថយន្តដេញតាមរថយន្តមួយគ្រឿងផ្សេងទៀត ដែលព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ មិនទទួលខុសត្រូវ ខណៈដែលបើកបុករថយន្តមួយគ្រឿងទៀត នៅក្នុងក្រុងប៉ោយប៉ែត។
ការដេញតាមរបស់បុរសចិត្តល្អទីបំផុត បែរជាត្រូវបានរងទុក្ខខ្លួនឯងជាមួយនឹងប្រពន្ធ ដោយរងរបួសធ្ងន់ ខណៈព្យាយាមរារាំង ត្រូវរថយន្តបង្កបើកបុកពេញទំហឹងធ្លាក់ចូលក្នុងស្រែ គ្រាដែលអ្នកបង្កត្រូវបាត់បង់ជីវិត។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកអូរជ្រៅ បានអោយដឹងថា នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តនឹងរថយន្តហើយបានបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្សប្រុសស្រីពីរនាក់ទៀត បានរងរបួសធ្ងន់ ត្រូវបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ ពូ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត និងអ្នករងរបួសធ្ងន់២នាក់ ឈ្មោះ នួន នីគីដា ភេទប្រុស អាយុជាង៤០ឆ្នាំ និងប្រពន្ធមិនបានស្គាល់ឈ្មោះរស់នៅភូមិដីថ្មីសង្កាត់.ក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា នៅវេលាម៉ោង៥៖៣០នាទី ជនរងគ្រោះដែលស្លាប់បានបើកបររថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ បានបុករថយន្តមន្ត្រីរាជការម្នាក់ នៅមុខសាលាក្រុងប៉ោយប៉ែត ហើយបានព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ ក្នុងចេតនាមិនព្រមទទួលខុសត្រូវ ។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានព្យាយាមរារាំង និងឃាត់រថយន្តបង្ក តែរថយន្តនៅតែមិនព្រមឈប់ និងព្យាយាមគេចចេញពីរារាំងនេះ ហើយបើកចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅភូមិសាស្ត្រអូរបីជាន់នៃស្រុកអូរជ្រៅ។ ដោយភាពចៃដន្យ និងការឈឺឆ្អាលរបស់ជនរងគ្រោះឈ្មោះ នួន នីគីដា ដែលបានឃើញហេតុការណ៍នោះ ជនរងគ្រោះក៏បានជិះរថយន្តម៉ាក់តូយូតារីវូ ដេញតាមជនបង្ករហូតតាមផ្លូវតាមបណ្តោយផ្លូវជាតិលេខ៥៨ ដល់ចំណុចកើតហេតុ ហើយបានបើករថយន្តឡើងវ៉ាប្រមាណជាង៥០ម៉ែត្រ ហើយក៏យកដៃរាអោយរថយន្តបង្កឈប់ តែជនបង្កមិនឈប់ បានបន្ថែមល្បឿន បើករថយន្តបុកពីក្រោយ បណ្តាលអោយធ្លាក់ចូលទៅក្នុងស្រែ ដោយរថយន្តជិះលើគ្នា ជនបង្កខ្ទាតចេញតាមកញ្ចក់ធ្លាក់មកខាងក្រៅបាក់កស្លាប់ រីឯលោក នួន នីគីដា និងភរិយារងរបួសធ្ងន់ធ្ងរ បញ្ជូនបន្ទាន់ទៅសង្គ្រោះនៅប្រទេសថៃ។
ក្រោយធ្វើការសង្គ្រោះ ក្រុមគ្រូពេទ្យប្រទេសថៃ បានប្រាប់អះអាងថា អាការៈរបស់លោក នួន នីគីដា មិនប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ប៉ុន្តែភរិយាលោកត្រូវបាក់ឆ្អឹងកងចង្កេះ មានសភាពធ្ងន់ធ្ងរ ត្រូវធ្វើការវះកាត់ដាក់ដែកអមឆ្អឹងខ្នងចង្កេះជាបន្ទាន់។
ដោយអំពើល្អរបស់លោក នួន នីគីដា ក្នុងបុព្វហេតុសង្គមនាពេលកន្លងទៅ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានចូលរួមសម្តែងនូវការសោកស្តាយ និងបួងសួងអោយការព្យាបាលរបស់ក្រុមគ្រូពេទ្យថៃទទួលបានជោគជ័យ៕













