ភ្នំពេញៈ លោក George Edgar ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) ចប់អាណត្តិ បានថ្លែងថា EU ប្រកាសជួយកម្ពុជា នូវទឹកប្រាក់ជាង១០០លានដុល្លារ សម្រាប់វិស័យជលផល នៅកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក George Edgar បានជំរុញឲ្យវិស័យកសិកម្មនៅកម្ពុជា ដើម្បីឲ្យមានការរីកចម្រើនទៅមុខបន្ដទៀត។
លោកមានប្រសាសន៍ថា “EU នឹងប្រកាសជួយដល់កម្ពុជា នៅថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារ សម្រាប់វិស័យជលផល” ។
លើសពីនេះទៀតឯកអគ្គរដ្ឋទូត EU បញ្ជាក់អំពីការជួយទៅដល់វិស័យ បម្រែបម្រួលអាកាសធាតុ ដែលកម្ពុជា ជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលងាយរងគ្រោះដោយបម្រែបម្រួល អាកាសធាតុ ដែលនេះក៏ជាបញ្ហាពិភពលោកផងដែរ។ លោកថា មិនតែប៉ុណ្ណោះ EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការ កាប់បំផ្លាញព្រៃឈើខុសច្បាប់។
ជាការឆ្លើយតប សម្ដេចតេជោស្វាគមន៍ ចំពោះការផ្ដល់ជំនួយ១០០លានដុល្លារ របស់EUដែលរាជរដ្ឋាភិបាល បានលុបចោលនូវឡូនេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ ដើម្បីជាផលប្រយោជន៍ របស់ប្រជាជនតែម្ដង ។ សម្ដេចរំលឹកថា កាលពីឆ្នាំ២០១២ EU បានជួយទៅដល់វិស័យមួយនេះ ។
ពាក់ព័ន្ធនឹងដំណើរការ របស់តុលាការខ្មែរក្រហម ដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ សម្ដេចតេជោ អរគុណ EU បានជួយវិភាគទាន ក្នុងការស្វែងរកយុត្តិធម៌ ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋ បាត់បង់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលបានឆ្លងកាត់ របបប្រល័យពូជសាសន៍។
សូមរំលឹកថា EU នឹងបន្តកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្ដោត ទៅលើគ្រប់វិស័យ ការបន្តធ្វើការជាមួយគ្នាក្នុងភាពជាដៃគូ។ នៅពេលខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅពេលនោះ ថ្នាក់ដឹកនាំ រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើន ក៏នឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ៕

