header ads

Sponsor

ភ្នំពេញៈ សង្វៀនជល់មាន់ មានទាំងលេងបៀរ និងអាប៉ោង ស្ថិត​នៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទើបបង្ក្រាបមិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំពងសំឡេ​ងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀនដាក់ហោប៉ៅ ហើយដើរចេញ ព្រោះ​គេដឹងថា ម្ចាស់ទីតាំងបើកជល់មាន់នេះ ជាមន្ត្រីនគរបាលក្រុងម្នាក់ផងដែរ។

សង្វៀនជល់មាន់ខាងលើ​នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈដែលម្ចាស់ទីតាំងឈ្មោះ ឆើត និងរួមមានទាំងល្បែងបៀរ និងអាប៉ោង ដែលមានមេឈ្មោះ យូ និង សុខណា បើកលេងយ៉ាងអនា​ធិបតេយ្យ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ចុះបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែបើក​លេងខ្លាំងក្លាជាងមុនទៅទៀត។

តាមប្រភពពីអ្នកចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូៗ ខ្ទង់ពាន់ដុល្លារឯណោះ រីឯការចាក់បៀរ និងអាប៉ោងវិញ ក៏មិនតិចដែរ គឺចូលខ្ទង់ពាន់ដូចគ្នា។

គួររំឭកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីកន្លងទៅ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។ តែផ្ទុយទៅវិញ ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង នៅជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកលេងរាល់ថ្ងៃ។

ដោយឡែក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក ក៏​បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ-សង្កាត់ មានសុវត្ថិភាព ប៉ុន្តែបែរជាក្នុងខណ្ឌមានជ័យ មានសង្វៀនជល់មាន់ខាងលើនេះ បើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងដូចជាមិនខ្លាចអ្វីសោះ។

បើតាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។

កន្លងមកលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យថា លោកតែងតែបញ្ជាកម្លាំងឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាប រាយការណ៍មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ថាអត់មានទេ តែធាតុពិតមានបើកលេងយ៉ាងចំហរតែម្តង ដូចទីតាំងខាងលើនេះអ៊ីចឹង។

ចំពោះទីតាំងខាងលើដែរ មហាជនមានការងឿងឆ្ងល់ថា សមត្ថកិច្ច ទើបចុះបង្ក្រាបមិនទាន់បាត់ក្ដៅគូទផង ស្រាប់តែ​អាចបើកលេងវិញយ៉ាងគគ្រឹកគគ្រេងខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់?៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post