header ads

Sponsor

ភ្នំពេញៈ មន្រ្តីយោធាម្នាក់ ដកកាំភ្លើងខ្លីម៉ាក K59 បាញ់៧គ្រាប់ សម្លាប់ប្រពន្ធ បណ្ដាលឲ្យត្រូវ៤គ្រាប់ចំចង្កេះ២គ្រាប់ ពោះ១គ្រាប់ និង​ដៃស្ដាំ១គ្រាប់ រងរបួសធ្ងន់ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត  ភ្លាមៗ រីឯប្តីព្យាយាមបើករថយន្ត Highlander មួយគ្រឿង រត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងល្បាតស្ទាក់ចាប់បាន រួចនាំ​យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ។

ករណីបាញ់ប្រហារប្រពន្ធខាងលើនេះ កើតឡើងកាលពីម៉ោងជិត១២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងលក់បាយ-ស៊ុប និងគ្រឿងក្លែមមួយកន្លែងយីហោ "ទី រ៉ានី" មានទីតាំងលើផ្លូវរថភ្លើង កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ ចំណែកប្ដីឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរមន្រ្តីយោធានៅព្រំដែន (ឋានន្តរសក្ដិ ព្រិន្ទបាលឯក )។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានថ្លែងប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរៀបការជាមួយគ្នា កាលពីឆ្នាំ២០០៥ និងរស់នៅជាមួយគ្នាមាន កូនប្រុសស្រី២នាក់ ប៉ុ​ន្តែរហូតដល់ឆ្នាំ២០១៩ ជនសង្ស័យ ក៏បានចូលបម្រើក្នុងជួរកងទ័ព  ដោយឈរជើងនៅតំបន់ភូមិភាគទី៥ ស្ថិតនៅក្នុងខេត្តបាត់ដំបង។ ក្រោយមកជនសង្ស័យជា ប្តី បានចូលបម្រើការក្នុងជួរកងទ័ពមក ជនរងគ្រោះជាប្រពន្ធ​ បាននាំកូនទៅរស់នៅភ្នំពេញ  ដោយប្រកបមុខរបរលក់ដូរនៅផ្សារជាងណាន។  ប៉ុន្តែ​ជនរងគ្រោះ ក៏មានអត្តចរិកផ្លាស់ប្ដូរខុសធម្មតា ធ្វើឲ្យការរស់នៅរវាងជនសង្ស័យ និងជនរងគ្រោះមិនសូវចុះសម្រុងគ្នានោះទេ។

លោកអធិការ បានបន្ដថា ហើយមកដល់ថ្ងៃកើតហេតុ បុរសជាប្ដីបានបើករថយន្តមួយគ្រឿង  ម៉ាក Highlander ពណ៌ស ស្លាកលេខបន្ទាយមានជ័យ 2A-6753 មកឈប់ចតចោលខាងក្រៅហាងកើតហេតុខាងលើ  រួចបានអង្គុយផឹកស៊ីខាងក្នុង រហូតអស់ជាងមួយកេស ទើបទូរស័ព្ទហៅប្រពន្ធមកជួបនិយាយគ្នា។ មួយសន្ទុះក្រោយមក ស្ត្រីជាប្រពន្ធបានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ 1HJ-8167 មកឈប់ខាងមុខហាង រួចក៏ដើរចូលក្នុងហាងសំដៅទៅរកប្ដី ប៉ុន្តែមិនដឹងជាមានរឿងអ្វី ស្រាប់តែបុរសជាប្តី ខណៈកំពុងតែស្រវឹងផងនោះ ក៏ដកកាំភ្លើងខ្លី ម៉ាកK59 បាញ់៧គ្រាប់  (អស់គ្រាប់ពីបង់តែម្ដង) សម្លាប់ស្ត្រីម្នាក់ជាប្រពន្ធ បណ្ដាលឲ្យត្រូវ៤គ្រាប់ (ចំចង្កេះ ២គ្រាប់ ពោះ១គ្រាប់ ដៃស្ដាំ១គ្រាប់) រងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នា ជួយដឹកតាមរថយន្ត PRIUS មួយគ្រឿង បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯជនសង្ស័យជាប្ដី បានដើរចេញពីហាងសំដៅទៅរថយន្តរបស់ខ្លួន ដែលចតចោលនៅខាងក្រៅហាង  រួចបើកចេញពីកន្លែងកើតហេតុ។

ក្នុងអំឡុងពេលនោះ  គាប់ជួនកម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌសែនសុខ កំពុងល្បាតមកឈប់នៅជិតនោះ បានឮស្នូរសំឡេ​ងបាញ់កាំភ្លើងជាច្រើនគ្រាប់ជាបន្តបន្ទាប់ ទើបរាយការណ៍តាមវិទ្យុទាក់ទង  ហើយចេញអន្តរាគមន៍សំដៅឆ្ពោះទៅគោលដៅ ដែលផ្ទុះអាវុធនោះ ស្រាប់តែឃើញរថយន្ត Highlander ពណ៌សមួយគ្រឿង បើកចេញមកលឿនស្លេវ  ហើយមាន ប្រជាពលរដ្ឋ ស្រែកចេញពីមុខហាងកើតហេតុនោះ អោយជួយឃាត់រថយន្តនោះផង ព្រោះជាជនបង្កដែលផ្ទុះអាវុធ  និងឃើញមានមនុស្សដេកដួលលើដីទៀត ទើបកម្លាំងល្បាត បកត្រលប់ក្រោយ ប្រដេញតាម រថយន្តខាងលើនោះ និងរាយការណ៍តាមវិទ្យុទាក់ទង សុំកម្លាំងដែលឈរជើងតាមគោលដៅពួនស្ទាក់ ចេញជួយអន្តរាគមន៍ផង ភ្លាមនោះលោកវរសេនីយ៍ឯក  ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានបញ្ជាកម្លាំងតាម វិទ្យុទាក់ទង (ID) ប្រាប់ឲ្យប្រុងប្រយ័ត្ន ត្រូវត្រៀមអាវុធគ្រប់ដៃ  រួចចេញជួយអន្តរាគមន៍ប្រដេញតាមរថយន្តរបស់ជនបង្ក  រហូតដល់ចំណុចមុខហ្គ្រែនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ទើបកម្លាំងស្ទាក់ឃាត់រថយន្តបាន  រួចធ្វើការវាយខ្នោះយកមកសួរនាំនៅអធិការដ្ឋានខណ្ឌសែនសុខ។

លោកអធិការ បានអះអាងទៀតថា ករណីផ្ទុះអាវុធ បណ្តាលឲ្យរងរបួសស្ត្រីជាប្រពន្ធនេះ គឺផ្តើមចេញពីការប្រចណ្ឌ ស្របពេលដែលផឹកស្រវឹងផង ទើបកើតចិត្តសម្រេចធ្វើបែបនេះ។

ក្រោយកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅធ្វើការសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសំណុំរឿង ដើម្បីរង់ចាំធ្វើការបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post