
ភ្នំពេញ ៖ កម្មវិធី « ឋានសួគន៍ ឬឋាននរក» ដែលមានការជជែកវែកញែក យ៉ាងច្រើនទាក់ទងនឹងប្រធានបទផ្លូវគោក យ៉ាងណាខាងម្ចាស់កម្មវិធីបានចេញមុខសុំទោសជាសាធារណៈផងដែរចំពោះកំហុសលើកនេះ ប៉ុន្តែជាថ្មីម្តងទៀតមិនខុសពីលើកមុនឡើយ ដោយខាងកម្មវិធីបានចេញសំណួរសួរទៅកាន់បេក្ខជនទាក់ទងនឹងនយោបាយ ក៏មិនខុសពីប្រធានបទមុនដែរ គឺកំពុងមានការជជែកវែកញែកទៀតហើយ។
ដោយសំណួរបានលើកឡើងថា តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេលប៉ុន្មានថ្ងៃ? ដោយចម្លើយក្នុងកម្មវិធីដាក់ចំនួន៣០ថ្ងៃជាចម្លើយត្រឹមត្រូវ ។
យ៉ាងណាមិញឯកឧត្តមវិល្លាម ដែលជាអ្នកនយោបាយ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានការប្រតិកម្មចំពោះការលើកជាចម្លើយឡើងរបស់កម្មវិធី ខណៈច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ មាត្រា ៧២ ដែលកំណត់ដោយ គជប យុទ្ធនាការគឺ មាន ២១ ថ្ងៃតែប៉ុណ្ណោះ ដោយឯកឧត្តមចាត់ទុកថានេះជាការបំភ្លៃឲ្យពលរដ្ឋយល់ច្រឡំហើយ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម៖
ក្នុងនាមជាអ្នកនយោបាយម្នាក់ ហេីយធ្លាប់ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត ខ្ញុំដឹងថា យុទ្ធនាការគឺ ២១ ថ្ងៃតែប៉ុណ្ណោះ ។ ឯ សំនួរដែលគេលេីកយកជជែកតាមទូរទស្សន៍ក្នុងកម្មវិធី ឋានសួគ៌ឋាននរក ជាសាធារណៈនេះ កំពុងបំភ្លៃអោយពលរដ្ឋយល់ច្រលំលេី រយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំណត់ដោយ គជប និង ច្បាប់ស្ដីពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ មាត្រា ៧២ ។

