header ads

Sponsor

កំពង់ឆ្នាំងៈ ក្រុមអាជីវកម្មកាយខ្សាច់ឯកជនមួយកន្លែង ដែលរកស៊ីជីកកកាយខ្សាច់លក់អត់ច្បាប់ ដែលធ្វើរងផលប៉ះពាល់ដល់ដីចំណីស្ទឹង និងដីចំណីផ្លូវ រងការខូចខាត នៅក្នុងភូមិកំព្រង ឃុំផ្សារស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន បានរាយការណ៍មកសមត្ថកិច្ចជំនាញ នៅកាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ចចម្រុះចុះទប់ស្កាត់ និងបិទ​អាជីវកម្មនេះជាបណ្តោះអាសន្ន ដោយតម្រូវអោយម្ចាស់ការដ្ឋានកាយខ្សាច់សុំច្បាប់ពីមន្ត្រីជំនាញបានសិន ទើបអាចបន្តអាជីវកម្មនេះបានទៀត។

ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ជិន សុផាត បានឲ្យដឹងថា មុនពេលចុះទប់ស្កាត់ និងបិទអាជីវកម្មខាងលើនេះ គឺមានក្រុមអ្នកសារព័ត៌មានមួយក្រុម បានរាយការណ៍ជូនលោកស្នងការនគរបាលខេត្ត ទើបសមត្ថកិច្ចចម្រុះសហការគ្នាចុះទៅពិនិត្យ និងទប់ស្កាត់។

ជាក់ស្តែងពេលចុះដល់ទីតាំងបទល្មើស ស្ថិតនៅខាងកើតវត្តបន្ទាយធ្លក ក្នុងភូមិកំព្រង ឃុំផ្សារស្រុកបរិបូរណ៍​ សមត្ថកិច្ចពិនិត្យដឹងថា ក្រុមអាជីវកម្មឯកជនរបស់ លោក ឃុំ ជីវ័ន ជាប្រជាពលរដ្ឋរស់នៅភូមិព្រះឥន្ទ្រទេព ឃុំផ្សារ ស្រុកបរិបូរណ៍​ នៅក្នុងទីតាំងកាយខ្សាច់សមត្ថកិច្ចពិនិត្យឃើញមាន ៖ គោយន្តបែនមួយគ្រឿង អេស្កាវ៉ាត់ទ័រមួយគ្រឿង និងរម៉កដឹកគ្រឿងច្រកមួយគ្រឿង ពិតជាបានលួចធ្វើអាជីវកម្មកាយដីខ្សាច់លក់គ្មានច្បាប់ និងបានធ្វើកាយខ្សាច់អោយប៉ះពាល់ដល់ដីចំណីស្ទឹង និងដីចំណីផ្លូវស្ថិតនៅក្នុងទីតាំង នៃមូលដ្ឋានខាងលើនេះពិតមែន។

លោក ជិន សុផាត បានអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចចម្រុះ​ពិនិត្យយ៉ាងល្អិតល្អន់នៅកន្លែងទីតាំងកាយខ្សាច់រួចមក សមត្ថកិច្ចចម្រុះ​រួមមាន ៖ នគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីមន្ទីររ៉ែ និងឋាមពលខេត្ត អាជ្ញាធរឃុំ ស្រុក បានសម្រេចធ្វើកំណត់ហេតុ បិទអាជីវកម្មនេះជាបណ្តោះអាសន្ន ដើម្បីឱ្យម្ចាស់អាជីវកម្មរត់ការសុំច្បាប់ឱ្យបានត្រឹមត្រូវពីមន្ទីរជំនាញជាមុនសិន ទើបអនុញ្ញាតឲ្យធ្វើអាជីវកម្មបន្តទៀត ហើយការធ្វើអាជីវកម្មមិនត្រូវអោយប៉ះពាល់ដីចំណីស្ទឹង និងដីចំណីផ្លូវនៅក្នុងមូលដ្ឋានឡើយ។

ចំណែកគ្រឿងចក្រជាវត្ថុតាងខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុផ្ញើទុកជាមួយម្ចាស់អាជីវកម្មជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការសម្រចពីថ្នាក់លើ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅល្ងាចថ្ងៃទី ១១ ខែសីហា នេះថា តាមច្បាប់ដីចំណីស្ទឹងការធ្វើអាជីវកម្មត្រូវមានគម្លាតចំងាយ ៥០ ម៉ែត្រ ឯដីចំណីផ្លូវយ៉ាងខ្លីបំផុតក៏ត្រូវមានគម្លាតប្រវែង៥ ម៉ែត្រផងដែរ។

ដូច្នេះ​ការធ្វើអាជីវកម្មកាយខ្សាច់ខាងលើនេះ មិនគួរអនុញ្ញាតច្បាប់អោយឡើយ ដែលអាចប្រឈមនឹងការរលំបាក់ផ្លូវលំក្នុងមូលដ្ឋាន និងដីច្រាំងស្ទឹងរបស់រដ្ឋ។

តាមការបញ្ជាក់របស់ម្ចាស់អាជីវកម្ម អោយដឹងថា ការធ្វើអាជីវកម្មនេះ លោកមេឃុំផ្សារ បានអនុញ្ញាតអោយធ្វើដោយបានដាក់កុងត្រូលប្រជាការពារដាក់ អោយចាំយកលុយក្បាលឡានដឹកខ្សាច់ក្នុង១ឡាន៣ពាន់រៀលផងដែរ ដើម្បីទុកជួសជុលផ្លូវខូចនៅក្នុងឃុំ។

ករណីខាងលើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរដល់មន្ទីរជំនាញថា មុននឹងចេញអាជ្ញាប័ណ្ណអោយសូមកំណត់ទីតាំងឱ្យបានច្បាស់លាស់ផង បើអនុញ្ញាតអោយកាយខ្សាច់នៅទីតាំងដដែរល ប៉ះពាល់បាក់ច្រាំងស្ទឹង និងប៉ះពាល់ដីចំណីដូចមុនទៀតនោះ មិនគួរចេញអាជ្ញាប័ណ្ណអោយឡើយ។

ហើយការធ្វើអោយបាក់ដីច្រាំងស្ទឹង និងប៉ះពាល់ដីចំណីផ្លូវកន្លងមកនោះ អាជ្ញាធរ និងជំនាញ គួរតែអោយម្ចាស់អាជីវកម្មខាងលើនេះ ធ្វើការជួសជុលការខូចខាតឡើងវិញទើបត្រឹមត្រូវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post