
កំពង់ឆ្នាំងៈ មន្ត្រីចល័តរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន ចុះស្ទាក់ឃាត់រថយន្តធុនធំចំនួន១០គ្រឿង ដែលផ្ទុកលើសទម្ងន់បើកឆ្លងកាត់ជញ្ជីងថ្លឹងរថយន្ត ដែលមានកន្លែងនៅលង្វែកចូលក្នុងក្រុងភ្នំពេញ ដោយរលូន នៅចំណុចស្ថានីយជញ្ជីងថ្លឹងរថយន្តលង្វែក។
ជាក់ស្តែងនៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៩ រថយន្តដឹកលើសទម្ងន់ជាច្រើនគ្រឿង ត្រូវកម្លាំងជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ហៅថា(ជញ្ជីងចល័ត) បានធ្វើការស្ទាក់ឃាត់តាំងពីវេលាម៉ោង៧យប់បន្តរហូតដល់វេលាម៉ោងថ្ងៃ មកទល់ម៉ោង ៩៖៣០ថ្ងៃទី១០ សីហា ដដែល។
ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង លោក កែវ ពៅ បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថា រថយន្តដែលចាប់ពីយប់មិញ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការថ្លឹងទម្ងន់ ហើយបើរកឃើញថា លើសត្រូវរើទំនិញទាំងនោះដាក់ចុះ ធ្វើការបង់ផាកពិន័យទៅតាមទម្ងន់ដែលលើស ហើយត្រូវធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទម្ងន់ ដែលច្បាប់បានកំណត់។
លោកបានអោយដឹងទៀតថា ប្រសិនបើក្រុមហ៊ុនទាំងនោះ នៅតែប្រព្រឹត្តបំពានច្បាប់ និងរំលោភលើកិច្ចសន្យាក្រសួងសាធារណការ និងដឹកជញ្ជូន និងបិទអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូននោះផងដែរ។
សូមបញ្ជាក់ថា ក្រុមមន្ត្រីក្រសួងសាធារណការ បានចុះគោលដៅត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ចំណុច ភូមិស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រហែល១០០០ម៉ែត្រ ពីស្ថានីយជញ្ជីងថ្លឹងរថយន្តលង្វែក ខេត្តកំពង់ឆ្នាំង ដើម្បីងាយស្រួលធ្វើការត្រួតពិនិត្យទៅលើរថយន្តធុនធំដែលមុន និងឆ្លងកាត់ស្ថានីយជញ្ជីងលង្វែក។
ប្រភពបានបង្ហើបថា កន្លងមកបច្ចុប្បន្នមានរថយន្តខ្លះដឹកលើសទម្ងន់ តែមិនបានចូលថ្លឹងរថយន្តខ្លះចូលថ្លឹងលើសទម្ងន់ ក៏នៅតែបង់លុយដដែល រួចហើយត្រូវបានអ្នកគ្រប់គ្រងជញ្ជីង អនុញ្ញាតអោយចេញដំណើរ គឺគ្រាន់តែអោយម្ចាស់រថយន្តបង់លុយប៉ុណ្ណោះ។
សេចក្តីរាយការណ៍មួយផ្សេងទៀត បានអោយដឹងថា រថយន្ដដែលបានដឹកលើសទម្ងន់ ២ តោនកន្លះ គឺត្រូវបង់ពី១៥ម៉ឺនរៀល»ទៅ២០ម៉ឺន រៀល បើរថយន្ដយីឌុបភ្លៅបួនឬភ្លៅប្រាំ គឺបង់ចាប់ពីរ៣០ម៉ឺនរៀលទៅ៤០ម៉ឺនរៀលឡើងទៅ។
ករណីនេះច្រើនធ្វើនៅពេលយប់ចន្លោះពីម៉ោង៨ ទៅម៉ោង១២ រំលងអធ្រាត្រ ហើយចំណូល វិញ គេបង្ហើបអោយដឹងថា មានជាកញ្ចប់ សម្រាប់ចែកគ្នា ក្នុងមួយខែៗមានប្រាក់ពាន់ដុល្លារ បើត្រូវគ្នាទាំងអស់ដូច្នេះហើយ មានរឿងអ្វី ដែលត្រូវចូលថ្លឹងទៀត ។
ប្រភពមួយផ្សេងទៀត បានបង្ហើបអោយដឹងនៅថ្ងៃទី១១ សីហានេះថា រថយន្តធុនធំដែលត្រូវខាងក្រុមជញ្ជីងចល័តធ្វើការឃាត់ខាងលើនេះ មានចំនួន១៣គ្រឿង ដែលដឹកដែកនិងស៊ីម៉ងត៍តាមបណ្តោយផ្លូវជាតិលេខ៥ កន្លងទៅខាងក្រសួងធ្លាប់បានធ្វើការត្រួតពិនិត្យឃើញថា មានការដឹកលើសទម្ងន់តាមរថយន្តធុនធំហើយមានចូលស្ថានីយថ្លឹងរថយន្តនៅលង្វែកដែរទេ? ចុះបើចូលស្ថានីយថ្លឹងរថយន្តម៉េចបានជាផ្ទុកលើសទម្ងន់បែបនេះ ហើយមករួចទៀត ? អញ្ចឹងហើយបានជាក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្មក់ចុះធ្វើការត្រួតពិនិត្យដោយរកឃើញរថយន្តធុនធំផ្ទុកលើសទម្ងន់រហូតដល់១៣គ្រឿង។
ការឃុបឃិតគ្នាជាមួយនឹងរថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់នៅលើផ្លូវជាតិលេខ៥ ឆ្លងកាត់ស្ថានីយថ្លងរថយន្តកន្លងមក គឺបានរួមចំណែក ក្នុងការបំផ្លាញផ្លូវជាតិ ដែលជាការចំណាយថវិការបស់រដ្ឋ ហើយក៏ជាញើសឈាមប្រជាជន រួមនិងប្រាក់កម្ចីពីបណ្ដាប្រទេសផ្សេងៗដើម្បីស្ថាបនាផ្លូវជាតិផងដែរ។
សូមបញ្ជាក់ផងដែរ ក្រៅពីស្ថានីយជញ្ជីងថ្លឹងរថយន្ត ក៏នៅមានប៉ុស្តិ៍ត្រួតពិនិត្យចម្រុះមួយទៀតនៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិជន្លតដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដែលបានដាក់ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ តែយ៉ាងម៉េចបានជារថយន្តដឹកលើសទម្ងន់ នៅតែទៅរួចចូលក្រុងបានដោយគ្មានការរំខានទាំង២ប៉ុស្តិ៍ ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
ពាក់ពន្ធពន្ធ័និងករណីខាងលើនេះ គួរណាស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបើកការស៊ើបអង្កេតលើការបើកដៃឃុបឃិតគ្នាពីមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តអោយការដឹកជញ្ជូនផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាតិដុះស្លែនៅទីនោះ និងនុវត្តន៍អភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕











