
កណ្តាលៈ បុរសម្នាក់ បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តដឹកឈើមួយ គ្រឿង ចតស្ងៀមទុកចោលតាមចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូហោះបោកផ្ទប់ទៅនឹង ថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាម។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩:៤០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចច្រកចូលផ្ទះសំណាក់ ឡា លីន លើផ្លូវ២០៦ ស្ថិតក្នុងភូមិ ដើម មៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ភឹម វិឆៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល ១V-០៣៦៨ ។ ចំណែករថយន្តដែលគេចតទុកចោលម៉ាក អេស៊ានហ្គ្រេនតូ (ASIA GRANTO) ពណ៌ខៀវ ពាក់ស្លាកលេខកំពត ៣A-០៣៩៧។
នគរបាលចរាចរណ៍ក្រុងតាខ្មៅ បានប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ឡើងដោយរថយន្តចតលើផ្លូវផ្នែកខាងឆ្វេង ក្នុងទិសដៅពីត្បូងទៅជើង ដោយកង់ខាងឆ្វេង នៅលើចិញ្ចើមផ្លូវ ចំណែកកង់ខាងស្ដាំនៅលើផ្លូវ ដោយមានដាក់តុពីក្រោយរថយន្តជាសញ្ញាដែរ លុះដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរក្នុងទិសដៅពី ត្បូងទៅជើង បានមកបុកពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូ បោក ផ្ទប់ នឹងផ្លូវបែកក្បាលស្លាប់ក្នុងថ្លុកឈាម។
ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ន នៅ អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុម គ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


