
ភ្នំពេញៈ សព្វថ្ងៃនេះ គេតែងតែប្រទះឃើញជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីជាញឹកញាប់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀតផង បើនិយាយពីបញ្ហានៅលើដងផ្លូវ ជនជាតិចិនបើករថយន្តបង្កគ្រោះថ្នាក់ច្រើនណាស់ ពេលខ្លះថែមទាំងមិននិយាយស្តីរកសមត្ថកិច្ចខ្មែរ ដែលចុះទៅដោះស្រាយបញ្ហានោះទៀតផង។
ជាក់ស្ដែង គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយបុរសជនជាតិចិនម្នាក់ បើករថយន្តCELICA មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2O-1058 បោះពួយក្នុងល្បឿនយ៉ាងលឿន បានទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយផ្ទាំង ចំណែករថយន្តបានខ្ទាតក្រឡាប់ផ្ងារជើងឡើងលើ ជាប់អ្នកបើកបរក្នុងកាប៉ីន តែត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ និងមិនមានរងរបួសអ្វីទេ។
គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៧:២០នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ កែងផ្លូវលេខ៦១៤ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក TOYOTA CELICA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-1058 ធ្វើដំណើរតាមផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង បោះពួយក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យ បាក់អស់មួយកង់ចំណែករថយន្តបង្កក្រឡាប់ផ្ងាជើងឡើលើច្រង៉ាង ជាប់អ្នកបើកបរក្នុងកាបីន តែត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ និងមិនមានរងរបួសអ្វីទេ រួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕





