header ads

Sponsor

ភ្នំពេញៈ លោកបណ្ឌិត តាកេស៊ី ណាតាហ្គាវ៉ា សហប្រធាន នៃគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA) និងជាសាស្ត្រាចារ្យកិត្តិយស នៃសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន បានថ្លែងថា ក្នុងរយៈពេល១០មកនេះ រដ្ឋាភិបាល ជប៉ុនបានជួសជុល និងស្រាវជ្រាវប្រាសាទនៅកម្ពុជា ដោយចំណាយថវិកាជាង២០លានដុល្លារ ។

ក្នុងសន្និសីទសារព័ត៌មាន លើការថែរក្សា បេតិកភណ្ឌប្រវត្តិសាស្រ្តកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកបណ្ឌិត តាកេស៊ី ណាតាហ្គាវ៉ា មានប្រសាសន៍ថា ក្នុងការងារជួសជុលកន្លងមកនេះ គឺក្នុង១០ឆ្នាំដំបូងហ្នឹង សម្រាប់ការស្រាវជ្រាវ ដើម្បីជួសជុលនេះ យើងចំណាយថវិកា ប្រហែលជា ២០លានដុល្លារ ។ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ចំណាយទៅលើការងារពិសោធន៍ ការងារសម្រាប់អ្នកឯកទេស ដែលចុះមកធ្វើការសិក្សាស្រាវជ្រាវ សម្រាប់ការងារ ជួសជុលប្រាសាទនេះ

លោករៀបរាប់ថា ការជួសជុលប្រាសាទនៅកម្ពុជា នាពេលកន្លងមក ថវិកាបានមកពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូណេស្កូ ។ ថវិកាសម្រាប់ស្រាវជ្រាវ ការជួសជុលប្រាសាទនៅកម្ពុជា គឺជាថវិកាដាច់ដោយឡែក ។ លោកថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ជាចំណែកយ៉ាងសំខាន់ នៅក្នុងការផ្ដល់ជំនួយនេះផងដែរ។

ជាងនេះទៅទៀត លោកបណ្ឌិត តាកេស៊ី ណាតាហ្គាវ៉ា លើកឡើងថា លោកក៏បានចូលរួមចំណែក លើការថែរក្សា ការស្តារឡើងវិញ និងសកម្មភាពស្រាវជ្រាវ នៅប្រាសាទព្រះវិហារ និងសំបូរព្រៃគុកដែលជា បេតិភណ្ឌពិភពលោក នៃអង្គការយូណេស្កូរបស់កម្ពុជា ក្នុងនាមលោកជាប្រធានក្រុម នៃសាកលវិទ្យាល័យវ៉ាសេដា។

លោកឲ្យដឹងទៀតថា សម្រាប់ការជួសជុលប្រាសាទនៅកម្ពុជា ភាគីពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់ ក្នុងការសិស្សាស្រាវជ្រាវ ទៅតាមបែបផែន របស់បេតិភណ្ឌពិភពលោក។

សូមរំលឹកថា សហប្រធាន នៃគម្រោងជប៉ុន-អប្សរា បានចូលរួមចំណែក ជំរុញការផ្លាស់ប្តូរ ផ្នែកអប់រំរវាងជប៉ុន-កម្ពុជា តាមរយៈការជួសជុល និងស្តារឡើងវិញនៃអង្គរ ជាពិសេសប្រាសាទបាយ័ន ក្នុងនាមលោក ជាប្រធានក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សា ការពារប្រាសាទអង្គរ (JSA) ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ១៩៩៤ និងក្នុងនាម ជាសហប្រធាន នៃគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA) ចាប់ពីឆ្នាំ២០០៥ ព្រមទាំងបណ្តុះបណ្តាលអ្នកជំនាញ បច្ចេកទេសកម្ពុជាជាច្រើនរូប សម្រាប់គម្រោងអង្គរជាង២៥ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post