header ads

Sponsor

ស្វាយរៀងៈ ខណៈដែលរដូវវស្សាចូលមកដល់ ក្រោយពីការងារធ្វើស្រែចម្ការរួច ពលរដ្ឋរស់នៅឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននាំគ្នាដើរនេសាទឈ្លើង ដើម្បីលក់អោយឈ្មួញរកកម្រៃបន្ថែមលើជីវភាពគ្រួសារ។

បើតាមលោក មាន សាន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង និងមានមុខរបរមួយទៀត គឺមុខរបរនេសាទឈ្លើង បានប្រាប់សាព័ត៌មានយើងដឹងថា ក្រៅពីការងារធ្វើស្រែចម្ការនោះ គឺពួកគាត់ដើរនេសាទឈ្លើងតាមទីវាលដែលមានទឹកអស់រយៈពេលជាង១០ឆ្នាំមកហើយ។

លោកបានបន្តអោយដឹងទៀតថា ក្នុងការដើរនេសាទឈ្លើងនេះ មិនងាយស្រួលដូចមុខរបរផ្សេងៗនោះទេ ដោយត្រូវធ្វើដំណើរចេញពីផ្ទះទៅរកទីកន្លែង ដែលមានទឹក និងសំបូរទៅដោយសត្វគោក្របីដេកនៅតាមមាត់បឹងតាមវាលស្រែ ដែលមានទឹកជាដើម ម្យ៉ាងវិញទៀតនោះត្រូវចុះក្នុងទឹកកូរ ឬក្រឡុកទឹកធ្វើអោយសត្វឈ្លើងចេញមកត្រងយក ឬអោយសត្វឈ្លើងទាម ទើបចាប់យកដាក់ប៊ីដុង ហើយការទុកដាក់សត្វឈ្លើងវាមិនពិបាកនោះទេ គ្រាន់តែដាក់ប៊ីដុងនិងយកផ្លែក្រូចឆ្មាមកជួតតាមមាត់ប៊ីដុងធ្វើអោយសត្វឈ្លើងចេញមិនរួចហើយរស់បានយូរ។

លោកបានបញ្ជាក់ថា ការនេសាទឈ្លើងយកលក់ក្នុងឆ្នាំនេះ គឺមានការធ្លាក់ថ្លៃជាងឆ្នាំមុនៗដែលឆ្នាំមុនៗដោយសត្វឈ្លើងលក់បានក្នុង១គីឡូតម្លៃ៦ម៉ឺនទៅ៧ម៉ឺនរៀលឯណោះ ប៉ុន្តែក្នុងឆ្នាំនេះឈ្មួញទទួលទិញតែ១គឺឡូក្រាមតម្លៃត្រឹមតែ២៥០០០រៀល ដែលជាហេតុធ្វើអោយពួកគាត់ខំរកទាំងក្រោមកណ្តាលថ្ងៃ និងកណ្តាលភ្លៀងយ៉ាងលំបាក និងត្រូវចេញពីផ្ទះទៅនេសាទសត្វឈ្លើងនៅតាមស្រុកភូមិឆ្ងាយៗហើយក្នុងមួយថ្ងៃអាចរកសត្វចាប់ពីកន្លះគីឡូក្រាមទៅ២គីឡូក្រាមឯណោះ ក្នុងម្នាក់ៗហើយសត្វឈ្លើងអាចប្រោះទុកបាន២ទៅ៣ថ្ងៃ។

ស្រដៀងគ្នានេះដែរលោកស្រី ស៊ូ ជាអ្នកនេសាទសត្វឈ្លើងម្នាក់ ក្នុងក្រុមពួកគាត់ដែលមានគ្នា៦ទៅ៧នាក់បានប្រាប់ដឹងថា ក្នុងការដើរនេសាទឈ្លើង គឺមានគ្នាមួយ៧ទៅ៨នាក់ ដោយចែកកន្លែងគ្នាដើររកតាមទីវាមាត់បឹង និងវាលស្រែដែលមានទឹកចម្ងាយពីគ្នា៤០០ទៅ៥០០ម៉ែត្រ។

លោកស្រីបានបន្តទៀតថា ចាប់ពីព្រលឹមពួកគាត់នាំគ្នាចេញពីផ្ទះទៅនេសាទឈ្លើងលុះដល់ម៉ោង២ឬ៣ទើបត្រឡប់មកផ្ទះវិញដោយមានម៉ូយមកថ្លឹងទិញតែម្តង។

បើតាមលោក ប្រាក់ សារឿន រស់នៅភូមិ ស្វាយធំ ឃុំ ស្វាយរំពា ស្រុកស្វាយទាប ដែលជាអ្នកទទួលទិញសត្វឈ្លើងបានប្រាប់ដឹងថា មុខរបរទិញសត្វឈ្លើងនេះ លោកបានប្រកបរយៈពេល៥ទៅ៦ឆ្នាំមកហើយ ដោយលោកយកទៅលក់បន្តអោយឈ្មួញទទួលទិញនៅភ្នំពេញហើយមិនច្បាស់ថាយកលក់បន្តនៅណានោះដែរ គ្រាន់តែដឹងថាគេយកទៅលក់នៅប្រទេសចិន។

លោកបានបន្តថា រូបលោកក៏ដូចពលរដ្ឋជាអ្នកដើរនេសាទឈ្លើងអំពាវនាវ និងចង់អោយមានទីផ្សារច្បាស់លាស់បន្តិត ព្រោះសព្វថ្ងៃគ្មានទីផ្សារច្បាស់លាស់នោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post