header ads

Sponsor

កំពង់ឆ្នាំងៈ ម្ចាស់សិប្បកម្មឡឥដ្ឋ ដែលមានយីហោ PK. 999 មានទីតាំងស្ថិតនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានអំពាវនាវតាមរយៈប្រព័ន្ធផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ព័ន្ធ នឹងស្ថាប័នតុលាការ មេត្តាជួយពន្លឿនការអនុវត្តច្បាប់ ដល់អ្នកដែលបានជួលទីតាំងសប្បកម្មឡឥដ្ឋ តាមពាក្យបណ្តឹងរបស់ម្ចាស់ទីតាំងសិប្បកម្ម តាមនីតិវិធី ព្រោះតែភាគីអ្នកជួលមិនបានគោរពតាមលក្ខណ និងកិច្ចសន្យា ដែលបានព្រមព្រៀងជាមួយគ្នាមកនោះ។

តំណាងអោយម្ចាស់សិប្បកម្មឡឥដ្ឋ លោក លី សេងហុង  បានឲ្យបញ្ជាក់អោយដឹងថា កាលអំឡុងឆ្នាំ២០១៤ ម្ចាស់សិប្បកម្មឡឥដ្ឋ គឺអ្នកស្រី ខ្វៃ ផល្លា បានជួលទីតាំងឡឥដ្ឋនេះ ទៅឲ្យឈ្មោះ ត្រាន ង៉ុកថាញ់ ជាជនជាតិអូស្ត្រាលី រហូតដល់ឆ្នាំ២០១៧ ។ ក្នុងរយៈពេលជួល អ្នកជួលបានបង់​ប្រាក់ថ្លៃជួលខ្លះ មិនបង់ខ្លះ។ ស្រាប់តែអ្នកជួល ឈ្មោះ ត្រាន ង៉ុកថាញ់ បានលួចយកគ្រឿងចក្ររបស់គាត់២គ្រឿង គឺអេស្កាវ៉ាទ័រ១ គ្រឿងនិងត្រាក់ទ័រ ១ គ្រឿង តម្លៃប្រមាណ ៥ម៉ឺនដុល្លារ យកលក់ និងបានគេចខ្លួនបាត់ ។

តំណាងម្ចាស់សិប្បកម្មឡឥដ្ឋដដែល បានបន្តថា ក្រោយមកនៅក្នុងអំឡុងដើមខែឧសភា ឆ្នាំ២០១៩ ម្ចាស់សិប្បកម្មឡឥដ្ឋ បានជួលទីតាំងឡឥដ្ឋ ទៅឱ្យឈ្មោះ ប៊ូល ថាន់ទឹង ជាជនជាតិវៀតណាម ក្នុងមួយខែ ៦ពាន់ដុល្លារ។ ប៉ុន្តែចាប់តាំងពីជួលមក អ្នកជួលឈ្មោះ ប៊ូល ថាន់ទឹង មិនបានគោរពកិច្ចសន្យាឡើយ ព្រោះការទូទាត់ប្រាក់ឈ្នួលមិនបានទៀងទាត់ជារៀងរាល់ខែ ។ មិនត្រឹមតែប៉ុណ្ណឹងអ្នកជួលខាងលើ ក៏មិនបានបង់ពន្ធដារតាមការកំណត់របស់មន្ត្រីពន្ធដារឡើយ រហូតមានផាកពិន័យទើបទៅបង់ម្ដង។ បញ្ហាមួយទៀត ច្បាប់អាជីវកម្មរបស់មន្ទីរឧស្សាហកម្ម និងសប្បកម្ម ផុតកាលកំណត់ ដោយមន្ទីរតម្រូវអោយអ្នកជួលទៅធ្វើច្បាប់ថ្មី បន្ត តែអ្នកជួលមិនព្រមទៅធ្វើ រហូតដល់មន្ទីរបិទអាជីវកម្មបណ្តោះអាសន្ន ដើម្បីអោយធ្វើច្បាប់ថ្មីទើបអោយ បន្តអាជីវកម្មបាន។

តំណាងម្ចាស់សិប្បកម្មឡឥដ្ឋដដែល បន្តទៀតថា ជាមួយគ្នានេះ អ្នកជួលទីតាំងសិប្បកម្មឡឥដ្ឋ ក៏បានប្រើប្រាស់កម្មកររបស់ខ្លួនជាជនជាតិវៀតណាមអន្តោប្រវេសន៍ខុសច្បាប់យកមកធ្វើការ ដោយមានខាងសមត្ថកិច្ចនគរបាលខេត្ត និងសមត្ថកិច្ចនាយកដ្ឋាន ជនអន្តោប្រវេសន្ត៍ចុះមកពិនិត្យធ្វើកិច្ចសន្យាហើយនៅតែមិនព្រមធ្វើតាម ។ មិនត្រឹមតែប៉ុណ្ណឹង អ្នកជួលទីតាំងឡឥដ្ឋ នៅបានយកកុមារ មិនគ្រប់អាយុអោយចូលធ្វើការខុសច្បាប់ទៀត ។

ហេតុផលដូចបានរៀបរាប់ខាងលើនេះ ម្ចាស់សិប្បកម្មដើម មានការព្រួយបារម្ភ២ចំណុច ទី១ ខ្លាចដូចអ្នកជួលលើកមុន ដែលលួចយកគ្រឿងចក្រគាត់២គ្រឿងហើយគេចខ្លួនបាត់។ ទី២ មានការព្រួយបារម្ភថ្ងៃណាមួយនឹងជះឥទ្ធិពលអាក្រក់ដល់ច្បាប់ និងទីតាំងអាជីវកម្មរបស់ខ្លួន  ព្រោះតែមានការភាន់ច្រឡំណាមួយ អាចនឹងបិទអាជីវកម្មរបស់គាត់ទាំងស្រុង ទើបគាត់សំណូមពរដល់មន្ទីរពាក់ព័ន្ធ នឹងស្ថាប័នតុលាការមេត្តាអនុវត្តច្បាប់ តាមបណ្តឹងរបស់ម្ចាស់សិប្បកម្ម ដើម្បីកុំឲ្យមានការភាន់ច្រឡំទៅលើម្ចាស់សិប្បកម្មដើម។

ទាក់ទងដល់បញ្ហានេះ លោក ប៊ូល ចាន់ទឹង ដែលជាអ្នកជួលបន្ត យើងមិនអាចទាក់ទងបានទេ។

ប៉ុន្តែនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ដដែល គេឃើញមេធាវីតំណាងរបស់ចុងចោទ បានមកកាន់ទីតាំងឡឥដ្ឋ និងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទាក់ទងបញ្ហានេះ ក្រែងមានការយល់ច្រឡំណាមួយបានកើតឡើងរវាងភាគីទាំង២ ហេតុនេះហើយ ពេលនេះលោកកំពុង តែធ្វើការចរចា សម្របសម្រួលគ្នា មុនឈានដល់តុលាការ។ ដោយលោកបានបញ្ជាក់ថា ចំពោះការចោទប្រកាន់ប្រើជនអន្តប្រវេសន៍ខុសច្បាប់ គឺពេលនេះពួកគេមានច្បាប់អស់ហើយ។

ចំណែករឿងប្រើកុមារ លោក បានអោយដឹងថា មានកម្មករខ្មែរមានកូន ពេលឃើញឪពុកម្តាយវាធ្វើការ វាក៏ជួយម្តងម្កាល មិនមែនយើងជួលក្មេងនោះទេ ។

បើទោះជាយ៉ាងនេះក្តី ភាគីម្ចាស់សិប្បកម្មដើម បានបញ្ជាក់ថា ទោះបីមានការសម្របសម្រួលពីមេធាវីរបស់អ្នកជួលយ៉ាងណាក្តី ក៏មិនអាចទៅរួចដែរ ព្រោះសំណុំរឿងបានដល់ដៃតុលាការហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post