header ads

Sponsor

ព្រៃវែងៈ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងការពារកុំអោយជនឆ្លៀតឱកាស លួចនាំយកទំនិញ ដែលច្បាប់ហាមឃាត់ និងទំនិញខូចគុណភាព មកដាក់តាំងលក់ ក្នុងឱកាសរដូវបុណ្យភ្ជុំ នៅព្រឹកថ្ងៃទី១៨ កញ្ញា មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារព្រៃព្នៅ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន៥មុខ ស្មើនឹង៦គំរូ មានដូចជា ៖ គុយទាវ ខ្ញី សណ្តែកបណ្តុះ ស្ករត្នោត នំចាក់ក្រចាន់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ “ប៉ូរ៉ាក់” នៅលើគុយទាវចំនួន ២៧.៥គីឡូក្រាម និងបានរកឃើញទំនិញខូចគុណភាពហួសថ្ងៃកំណត់ប្រើប្រាស់ជាច្រើនមុខ សរុបចំនួន ២៩៣.៦គីឡូក្រាម សរុបទាំងគុយទាវ និងទំនិញខូចគុណភាព  ដែលមន្ត្រីជំនាញដកហូត បានមានចំនួន ៣២១.១ គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការប្រើប្រាស់សារធាតុគីមីនិងបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលហួសថ្ងៃកំណត់ប្រើប្រាស់បន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា  និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ។

ដោយឡែកក្រុមអាជីវករ បានលើកឡើងថា បច្ចុប្បន្ននេះ ពួកគាត់មានការយល់ដឹងច្រើន ចំពោះផលប៉ះពាល់ដោយសារធាតុគីមី និងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទ ហើយពួកគាត់ក៏លែងហ៊ានដាក់លក់ទៀតដែរ ដោយបានប្រមូលយកទំនិញទាំងអស់ដែលខូចគុណភាព ទុកមួយកន្លែងដើម្បីដូរជាមួយក្រុមហ៊ុនវិញ ប៉ុន្តែមានក្រុមហ៊ុនខ្លះ បានបដិសេធមិនព្រមដូរយកទំនិញទាំងនោះវិញទេ ធ្វើអោយពួកគាត់មានការខាតបង់ច្រើនណាស់។ ដូច្នេះពួកគាត់សូមសំណូមពរទៅខាងក្រុមហ៊ុន សូមជួយដោះស្រាយបញ្ហានេះផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post