កំពង់ឆ្នាំងៈ សេចក្តីរាយការណ៍មួយពីម្ចាស់រថយន្ត ដែលគាត់គ្រាន់តែស៊ីឈ្នួលដឹកភ្លេង(អកកាដង់)ទៅឲ្យគេនៅព្រៃខ្មែរ ដើម្បីលេងក្នុងពិធីអាពាហ៍ពិពាហ៍សោះ ត្រូវបាននគរបាលចរាចរណ៍ នៅជិតសាលាស្រុក ស្រុករលាប្អៀរ ធ្វើការឃាត់ប្រហែល២ម៉ោង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩។
ដំបូងមន្ត្រីនគរបាលរូបនោះ បាននិយាយថា រថយន្តនេះដឹកបទល្មើស ប៉ុន្តែម្ចាស់រថយន្តបានតវ៉ាថា គាត់ដឹកស្អីគេបទល្មើស? ទើបមន្ត្រីនគរបាលរូបនោះនិយាយសារថ្មីថា ដឹកខុសបច្ចេកទេសសំពីងសំពោង ដោយសារដាក់មនុស្សពីរនាក់អង្គុយនៅលើគ្រឿងភ្លេងនោះ ដោយទាមទារតម្រូវឲ្យម្ចាស់រថយន្តបង់លុយ១០ ម៉ឺនរៀល តែត្រូវម្ចាស់រថយន្តហួសចិត្តពេកបានប្រកែកតវ៉ាមិនបង់លុយអោយ សមត្ថកិច្ចថា បើមិនបង់លុយអោយទេ គឺត្រូវអូសរថយន្តទៅកាន់ស្នងការនគរបាលខេត្ត។
ម្ចាស់រថយន្តក៏ប្រកែកតវ៉ាយ៉ាងខ្លាំងថា ចង់អូទៅណាអូសៗទៅ គឺមិនបង់លុយឱ្យទេ ពីព្រោះគាត់មិនបានប្រព្រឹត្តអ្វីដែលខុស ក្នុងការដឹកទំនិញទាំងនេះ ហើយបានឃាត់រថយន្តខាងលើអស់រយៈពេលជាង២ម៉ោង ទើបនគរបាលចរាចរណ៍រូបនោះ បានសរសេរក្រដាស់កិច្ចសន្យាមួយ ឲ្យទៅម្ចាស់រថយន្ដ ដោយបញ្ជាក់ថា ខ្លួនបានដឹកទំនិញសំពីងសំពោង ហើយក៏អនុញ្ញាតឱ្យបន្តដំណើរទៅទៀត ដោយឈប់ទាមទារលុយ១០ម៉ឺនរៀលនោះទៀតឡើយ។
ម្ចាស់រថយន្តមានទីលំនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឈ្មោះ ហ៊ុង គាត់ឆ្ងល់ ហើយហួសចិត្តណាស់ថា គាត់ដឹកអញ្ចឹងសោះ នគរបាលចរាចរណ៍ថាគាត់ដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសច្បាប់មែនដែរឬទេ?
ម្ចាស់រថយន្តបញ្ជាក់ទៀតថា គាត់បើកបររកស៊ីលើដងផ្លូវពីខេត្តមួយទៅខេត្តមួយ ស៊ីឈ្នួលដឹកទំនិញអោយគេ ដូច្នេះពាក់ព័ន្ធឯកសារផ្លូវច្បាប់រថយន្ត គឺគាត់មានលក្ខណៈគ្រប់គ្រាន់ត្រឹមត្រូវទាំងអស់។
របៀបគៀបស៊ីរបស់សមត្ថកិច្ចនគបាលចរាចរណ៍នេះ មិនដឹងមកពីណា ខណៈដែលម្ចសស់រថយន្តដឹកតន្រ្តី មិនដែលឃើញមន្ត្រីចរាចរណ៍ម្នាក់នេះសោះ ហើយគាត់សំណូមពរឈប់ប្រើរបៀបគៀបស៊ីបែបនេះទៅ ងាប់ប្រជាពលរដ្ឋដែលរកស៊ីស្របច្បាប់អស់ហើយ បើលេងតែរបៀបៗនេះ៕






