
តាកែវ ៖ ពីរនាក់ប្តីប្រពន្ធ ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាប់សម្លាប់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១និង០០នាទី ចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជនសង្ស័យខឹងជនរងគ្រោះទារលុយថ្លៃទឹកដោះពីខ្លួន។
ជនសង្ស័យឈ្មោះ យឹម វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ និងត្រូវជាគូដណ្ដឹងកូនស្រីជនរងគ្រោះ។
ចំណែកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមាន ឈ្មោះ សេង គ្រុត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើស្រែ និងឈ្មោះ សេង អ៊ុំ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យកាប់សម្លាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅខាងជើងផ្ទះចម្ងាយ១៧ម៉ែត្រ។
ក្រោយកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង០៧និង០០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្រោយការសាកសួរ ជនសង្ស័យ បានសារភាពថា មូលហេតុដែលឈានដល់ការសម្លាប់ជនរងគ្រោះគឺបណ្តាលមកពី ខឹងនឹងជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធទារលុយថ្លៃទឹកដោះ(បណ្ដាការ)ពីខ្លួន៕


