Sponsor

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនប្រុសស្រី៥នាក់  បន្ទាប់ពី​ឆ្មក់​ចូលឆែកឆេរបន្ទប់ផ្ទះសំណាក់ យីហោ "ពោធិ៍មាសថ្មី" ជាទីតាំង ដែលតែងតែមានក្រុមក្មេងស្ទាវប្រុសស្រី មកស្នាក់នៅពពាក់ពពូនគ្នា ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដុះស្លែមួយផងដែរ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ យីហោ "ពោធិ៍មាសថ្មី" ផ្ទះលេខ៧៦B ផ្លូវលំ ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ិន សុវណ្ណ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានចុះធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ផ្ទះសំណាក់ យីហោ “ពោធិ៍មាសថ្មី”។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានអោយដឹងថា ទីតាំងខាងលើ មានអ្នកទទួលខុសត្រូវឈ្មោះ ទេព ឈុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់កើតហេតុខាងលើ គឺត្រួតពិនិត្យនឹងឆែកឆេរចំនួន៤បន្ទប់ ឃាត់ខ្លួនមនុស្សចំនួន៥នាក់ រកឃើញម្ស៉ៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច នឹងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ ជា ច័ន្ទថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ។ ទី២.ឈ្មោះ មាស ស៊ីនិត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខឯកជន ។ ទី៣.ឈ្មោះ ស៊ុន ចាននាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៤.ឈ្មោះ ចាន់ ដារា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន។ ទី៥.ឈ្មោះ ស៊ុ មករា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

ប្រជាពលរដ្ឋមានការរិះគន់ចំពោះ អាជ្ញាធរសង្កាត់  និងសមត្ថកិច្ច ប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យទី១ មានភាពកម្សោយលើការអនុវត្តវិធានការរដ្ឋបាល កោះអញ្ជើញម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល មកផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាម​មាត្រ៤៤ បទសម្រួលអោយ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងផ្សព្វផ្សាយ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនម្ចាស់ផ្ទះសំណាក់ ព្រមទាំងធ្វើការណែនាំអ្នកគ្រប់គ្រងទីតាំងអោយបានហ្មត់ចត់ផង និងតម្រូវអោយធ្វើកិច្ចសន្យាសហការទប់ស្កាត់មិនអោយមានពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួនជាដាច់ខាត ។ ឬគ្រាន់តែយកលេសថា មិនដឹង រួចខ្លួន?  តែជាក់ស្តែង ទីតាំងផ្ទះសំណាក់នេះ ត្រូវបានគេលួចបង្ហើបប្រាប់ថា តែងតែមានមុខសញ្ញាសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាច្រើននាក់ ចូលមកប្រើប្រាស់គ្រឿងញៀន និងបង្កភាពអនាធិបតេយ្យទាំងយប់ថ្ងៃផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor