
ភ្នំពេញៈ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិកូរ៉េម្នាក់ តែមិនបានសម្រេច ពេលនោះប្រជាពលរដ្ឋ២នាក់ ឃើញហេតុការណ៍បានជិះម៉ូតូដេញចាប់ជនសង្ស័យភ្លាមៗ ធ្វើឲ្យជនសង្ស័យភយ័ស្លាន់ស្លោ បានផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចខាងត្បូងស្តុបសន្ធរមុខ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពលរដ្ឋអ្នកឃើញហេតុការណ៍ និងជួយដេញចាប់ជនជនសង្ស័យ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញស្ត្រីជនជាតិកូរ៉េគាត់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1AY-7781បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ចេញពីស្តុកសន្ធរម៉ុកក្នុងទិសដៅពីជើងទៅត្បូង លុះមកផុតចំណុចស្តុបបន្តិច ត្រូវបានជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូម៉ាក Bat មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HW-4873 បានធ្វើដំណើរមកពីក្រោយហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីជនជាតិកូរ៉េនោះតែម្តង មិនបានសម្រេច ភ្លាមនោះគាត់ជិះម៉ូតូដេញចាប់ជនសង្ស័យភ្លាមៗ ធ្វើអោយជនសង្ស័យភ័យស្លាន់ស្លោ ផ្ដួលម៉ូតូ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជខណ្ឌទួលគោកចុះមកដល់កន្លែងកើតហេតុភ្លាមៗហើយនាំស្ត្រីរងគ្រោះជនជាតិកូរ៉េរួមទាំងម៉ូតូជនសង្ស័យយកទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនាំ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកចុះមកដល់កន្លែងកើតហេតុផងដែរបានត្រឹមតែសួរនាំប្រជាពលរដ្ឋស្តាយម៉ូតូជនសង្ស័យដែលត្រូវកងរាជអាវុធហត្ថយកទៅបាត់៕


