
ក្រចេះ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្ទមចំការក្រោយផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនមួយចំនួន កាលពីម៉ោង១១ព្រឹកថ្ងៃសៅរ៍ ០៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ យាន សិរិរត្ន័ (ហៅ ហ៊ីត ជាមុខសញ្ញាទើបចេញពីពន្ធនាគារ) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ (ម្ចាស់ខ្ទម) ។
វត្ថុតាងដកហូតរួមមាន ៖ ម៉្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០៥កញ្ចប់(០៣ កញ្ចប់មធ្យម និង០២កញ្ចប់តូច), ដែកកេះចំនួន០៥, ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១, ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តរតាមនីតិវិធី៕

