
ស្វាយរៀងៈ ស្ត្រីម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀត រងរបួសស្រាល ខណៈដែលធ្វើដំណើរឌុបគ្នាទៅធ្វើការរោងចក្រនៅក្រុងបាវិត ប៉ះដៃចង្កូតដួលខ្ទាតចូលកង់ក្រោយរថយន្ត បណ្តាលអោយរថយន្តកិនស្លាប់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖២៣នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមពលរដ្ឋដែលឃើញហេតុការណ៍នោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុមានស្ត្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A 7720 ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តប្រភេទទេសចរណ៍មួយគ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3A8268 បើកបរដោយឈ្មោះ សូ គឹមណាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅភូមិ អណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូពីលិចទៅកើតប៉ះជញ្ជាំងខាងស្តាំ បណ្តាលអោយដួលម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្តកិនបែកក្បាលស្លាប់តែម្តង។
ជនរងគ្រោះដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ ឈ្មោះ ព្រុំ គីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរោងចក្រ រស់នៅភូមិ អង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។អ្នករូមដំណើរឈ្មោះ សន សារឿន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រងរបួសស្រាល.រស់នៅភូមិជាមួយគ្នា។
ក្រោយពីបង្កហេតុរួចរថយន្តបើករត់គេចខ្លួនយកមកលាក់ទុកនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនតែត្រូវសមត្ថកិច្ចចាប់យកមកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





