Sponsor

កំពតៈ ប្រភពពីប្រជាពលរដ្ឋនៅស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា មួយរយៈកន្លងទៅនេះ អ្នកមានអំណាចកំពុងធ្វើសកម្មភាពចាក់ដីចូលព្រែក និងបិទផ្លូវទឹកមួយកន្លែង ស្ថិតនៅចំណុច ស្ពានក្បាលរមាស ឃុំត្រពាំងសង្កែន ស្រុកទឹកឈូ ខេត្តកំពត គ្មានមន្ត្រីអាជ្ញាធរណាចាត់វិធានការទប់ស្កាត់ឡើយ។

ជាក់ស្ដែងទាំងអភិបាលស្រុកទឹកឈូ ក៏ដូចជាលោក ជាវ តាយ អភិបាលខេត្តកំពត បានរក្សា ភាពស្ងប់ស្ងាត់ ក្នុងខណៈដែលអ្នកមានអំណាចចាក់ដីលុបបិទផ្លូវទឹក នៅចំណុចគល់ស្ពានក្បាលរមាសរមាស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ យកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន។

ជាងនេះទៅទៀត ប្រធានមន្ទីរបរិស្ថានខេត្តកំពត ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែល អ្នកមានអំណាច កំពុងចាក់ដីចូលព្រែក ដែលជាទ្រព្យសម្បតិ្ដរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិ យ៉ាងស្រួលៗ។

ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា កន្លងមកដីព្រៃលិចទឹកដីព្រែកទឹកឈូ និងតំបន់មួយចំនួនទៀត ត្រូវបានអ្នកមានលុយអ្នកមានអំណាច ចាក់ដីលុបយកធ្វើជា កម្មសិទ្ធិ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មជ្ឈដ្ឋាននានា បានលើកឡើងថា ប្រសិនបើ គ្មាន ការឃុបឃិត បើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក និងថ្នាក់ខេត្តទេនោះ គឺគ្មាន នរណាអាចធ្វើសកម្មភាពចាក់ដីចូលព្រែកចូលដៃសមុទ្ររំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងរលូន ដូចសព្វថ្ងៃនេះទេ។ បញ្ហានេះ គឺជារឿងដែលលោក ជាវ តាយ អភិបាលខេត្តកំពត គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះដៃព្រែកដៃសមុទ្រ ជាទ្រព្យសម្បត្ដិរដ្ឋមិនអាចបុគ្គលណា រំលោភយកធ្វើជាកម្មសិទ្ធិបានឡើយ។

បើតាមការកត់សម្គាល់របស់ប្រជាពលរដ្ឋនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា រាល់ សកម្មភាពរបស់អ្នកមានលុយ អ្នកមានអំណាច ចាក់ដីចូលព្រែកចូលដៃសមុទ្រ យកធ្វើជា កម្មសិទ្ធិ គឺសុទ្ធតែ ត្រូវបានមន្ត្រីអាជ្ញាធរ និងមន្ត្រី ជំនាញពាក់ព័ន្ធដឹងជាមុន។ ប៉ុន្តែពួកគេឃុបឃិត ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ទើបអ្នកមានលុយ អ្នកមានអំណាច អាចធ្វើអ្វីៗតាមអំពើ ចិត្តហើយ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏ដូចជា ប្រធានមន្ទីរពាក់ព័ន្ធនាំគ្នាសម្ងំស្ងាត់ឈឹងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រជាពលរដ្ឋ បានលើកឡើងថា ករណីអ្នកមានអំណាចចាក់ដីលុបព្រែកទឹកឈូ នៅចំណុច ស្ពានក្បាលរមាស ស្រុកទឹកឈូ អាចមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង មន្ទីរពាក់ព័ន្ធផងដែរ ដូច្នេះក្រសួងពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេ ព្រោះមួយរយៈ ចុងក្រោយនេះ ករណីឈ្មួញចាក់ដីលុបដៃសមុទ្រយកធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តកំពត កំពុងកើតឡើងយ៉ាងរាលដាលហើយ សូម្បីតែដីព្រៃលិចទឹកដីឆ្នេរសមុទ្រ ក៏មន្ត្រីពាក់ព័ន្ធ ហ៊ានចេញប័ណ្ណកម្មសិទ្ធិឲ្យអ្នកមានលុយអ្នកមានអំណាចដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor