Sponsor

ព្រះសីហនុៈ ជនជាតិចិន២៩នាក់ ក្នុងនោះមាន១៦នាក់ ជាជនសង្ស័យ និង​១៣នាក់ផ្សេងទៀតជា ជនរងគ្រោះ ដែលសមត្ថកិច្ចឃាត់ខ្លួន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីយប់ថ្ងៃទី៧ កញ្ញាឆ្នាំ២០១៩កន្លងទៅនេះ គិតមកដល់ព្រលប់ថ្ងៃទី៨ កញ្ញា វេលាម៉ោង៨យប់ សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅឡើយ ដើម្បីស្វែងរកអំពីបទល្មើសអោយបានច្បាស់ ឈានទៅអនុវត្តន៍និតិវិធី។

យោងតាមប្រភពពីសមត្ថកិច្ចបានបង្ហើបថា យោងតាមការសាកសួរជំហានដំ​បូងសមត្ថកិច្ចអាចសន្និដ្ឋានថា ជនជាតិចិន ដែលសមត្ថកិច្ចឃាត់ខ្លួននាយប់ថ្ងៃទី៧ កញ្ញា កន្លងទៅអាចជា ករណីហិង្សាដោយចេតនា និងបង្ខាំងមនុស្សខុសច្បាប់ បង្កដោយជនជាតិចិន ទៅលើជនជាតិចិន។

ប្រភពដដែលបានបង្ហើបទៀតថា មុននឹងឈានដល់ការបង្ក្រាបជនជាតិចិនមួយសម្បុកនេះ ដោយសារកាលពីយប់ថ្ងៃទី៧ ខែកញ្ញា​ ឆ្នាំ២០១៩ វេលាម៉ោង៩យប់​ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចមុខកាស៊ីណូមេចេស្ទី ស្ថិតនៅក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន២ក្រុម កំពុងតែវាយប្រតាយប្រតប់គ្នា ហើយភាគីម្ខាង ដែលជាក្រុមរបស់កាស៊ីណូមេចេស្ទី មានប្រដាប់ដោយកាំភ្លើងខ្លី បានចាប់ភាគីម្ខាងទៀតចូលទៅខាងក្នុងកាស៊ីណូ មេចេស្ទី ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញក៏បានសុំការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូលខេត្តព្រះសីហនុ ដើម្បីធ្វើកិច្ចប្រតិបត្តិការ ។

ជាលទ្ធផល ពេលដែលកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចូលទៅខាងក្នុងកាស៊ីណូ មេចេស្ទី ក៏បានឃើញជនជាតិចិន៤នាក់ ប្រុសៗ ត្រូវបានក្រុមជនសង្ស័យវាយខ្នោះទៅខាងក្រោយ បង្ខាំងឃុំទុកនៅក្នុងបន្ទប់ការិយាល័យ នៃកាស៊ីណូមេចេស្ទី ដោយមិនដឹងមូលហេតុ និងមានជនសង្ស័យ៣នាក់ នៅយាមជនរងគ្រោះក្នុងបន្ទប់នោះ រីឯជនរងគ្រោះជាជនជាតិចិន៩នាក់ទៀត (ស្រី៦នាក់) ត្រូវក្រុមជនសង្ស័យបង្ខាំងទុកនៅក្នុងបរិវេណកាស៊ីណូ មិនអោយចេញក្រៅ ។ បន្ទាប់មកកម្លាំងជំនាញបាន ធ្វើការឆែកឆេរ រកឃើញ ដំបងឆក់ចំនួន២គ្រឿង ,កាំប៉ិត២ដើម , កាំភ្លើងខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ បង់កាំភ្លើង១ដើម គ្រាប់ ២៥គ្រាប់,ប្រអប់កាំភ្លើងខ្លីចំនួន៣ប្រអប់ ក្នុងនោះមានបង់កាំភ្លើងចំនួន២ តែមិនមានកាំភ្លើងទេ ។ បន្ទាប់ពីរំដោះបានជនរងគ្រោះ និងធ្វើការឆែកឆេររួចមក កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យសរុបចំនួន១៦នាក់ ភេទប្រុស ជាជនជាតិចិន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ។

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងខ្លី១ដើម ម៉ាកSIGSAUER ពណ៌ខ្មៅ បង់កាំភ្លើងចំនួន៣បង់ គ្រាប់កាំភ្លើង ប្រភេទ៩mmចំនួន២៥គ្រាប់ ប្រអប់កាំភ្លើង៣ប្រអប់ ដំបងឆក់២គ្រឿង កាំប៉ិត២ដើម ខ្នោះដៃ៤គូរ(ដាក់ជាប់ដៃជនរងគ្រោះ) ។

សូមបញ្ចាក់ផងដែរថាចំពោះទីតាំងកាស៊ីណូមេចេស្ទីនេះ គឺមិនមានច្បាប់អនុញ្ញាតបើកអាជីវកម្មទេ ។ ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor