
ភ្នំពេញៈ នារីក្លាហានវ័យជាង២០ឆ្នាំម្នាក់ បើករថយន្តមកពីចូលរួមពិធីខួបកំណើតមិត្តភក្តិ ក្នុងល្បឿនលឿនរេចង្កូតពេញផ្លូវ ប្រជាពលរដ្ឋព្រួយបារម្ភ ខ្លាចបើកបុកគេ ក៏ឃាត់សួរនាំ បែរជាបង្កអំពើហិង្សាវាយគេឯងផ្អើលតែម្ដង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧៖០៧នាទីយប់ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅភូមិ៤ តាមបណ្តោយផ្លូវបេតុងលេខ៣៤៥(ផ្លូវទាល់)សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋ នៅក្នុងហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យជាង២០ឆ្នាំម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក BRUISE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2O-9104 បើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវបេតុងលេខ៣៤៥ទាំងសភាពស្រវឹងស្រា បើករេចង្កូតពេញផ្លូវ បង្កការភ័យខ្លាចដល់អ្នករស់នៅក្បែរកន្លែងកើតហេតុ ក្រោយមកប្រជាពលរដ្ឋឃាត់សួរនាំ ត្រូវនារីជាអ្នកបើកបររថយន្តបង្កជេរប្រមាថ និងប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋថែមទៀត។
ស្ថិតក្នុងស្ថានភាពកំពុងតែច្របូកច្របល់នោះដែរ គេពុំឃើញមានវត្តមានកម្លាំងនគរបានមូលដ្ឋានចេញមកជួយធ្វើអន្តរាគមន៍នោះទេ ទោះជាមានការទំនាក់ទំនងហៅពីពីជនរងគ្រោះយ៉ាងណាក៏ដោយ។
បន្ទាប់ពីប៉ះពាល់ពាក្យសំដី និងបង្កអំពើហិង្សា នារីខាងលើ បានអះអាងថា ខ្លួនជាកូនមេធាវីម្នាក់ ដោយមិនខ្លាចញញើតច្បាប់ទេ ថែមទាំងគំរាមប្តឹងពលរដ្ឋដាក់គុកទៀតផង។
ដោយឡែកបើតាមសំដីឪពុកជនបង្ក បានបញ្ជាក់ថា កូនស្រីគាត់ម្នាក់នេះ មានចរិករឹងរ៉ូសខ្លាំងណាស់ បើទោះជារូបគាត់មិនឲ្យយករថយន្តជិះយ៉ាងណាក៏គាត់មិនស្តាប់ដែរ។
ក្រោយកើតហេតុ ដោយមានការសម្របសម្រួលពីឪពុកជនបង្កជាមេធាវី ព្រមទទួលកំហុសដែលកូនបានប្រព្រឹត្តអំពើឆ្គាំឆ្គង និងឈានដល់ការប្រើហឹង្សាដាក់ប្រជាពលរដ្ឋសុខចិត្តសងជំងឺចិត្តដល់ជនរងគ្រោះជាប្រាក់ចំនួន៣០០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕





