header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាក LEXUS  470 បុកពីក្រោយម៉ូតូមួយគ្រឿង ដួលខ្ទាតមនុស្សបោកនឹងថ្នល់ កៀបម៉ូតូជាប់ពីមុខរថយន្ត អូសជាង២០ម៉ែត្រ ទើបឈប់ បណ្ដាលឲ្យបុរស២នាក់ រងរបួសធ្ងន់ ត្រូវបានឡានពេទ្យឯកជន សួគ៌ា មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ  ខណៈអ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុកតែឯកសណ្ឋានអាវុធហត្ថស័ក្តិ៤កន្លះ  ក្នុងរថយន្ត។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវរលាម៉ោង១:១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចជិតមន្ទីរពេទ្យ សួគ៌ា លើផ្លូវ២១៧ ស្ថិតក្នុងភូមិឬស្សី  សង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ  ភ្នំពេញ។

រថយន្តបង្កម៉ាក  LEXUS  470 អត់ពាក់ស្លាកលេខ  (មានលតាបត្របង់ពន្ធ មធ្យោបាយដឹកជញ្ជូន) បិទជាប់កញ្ចក់រថយន្តខាងមុខ ស្លាកលេខភ្នំពេញ 2N-7171 តែសង្ស័យក្លែងក្លាយ  ព្រោះស្កែន QR Code  មិនចេញឡើយ ហើយក៏ឃើញមានឯកសណ្ឋាន មន្ត្រីអាវុធហត្ថស័ក្តិ៤កន្លះ ដែលបំពាក់ខាងក្រោយកៅអីអង្គុយ ក្នុងរថយន្តផងដែរ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ  ម៉ាក Suzuki Smash ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1L-2586។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំងពីរនាក់  ជិះម៉ូតូមួយគ្រឿងឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ពីជើងទៅត្បូង  ក្នុងល្បឿនលឿនល្មម  លុះមកដល់ចំណុចកើតហេតុ  ស្រាប់តែរថយន្តបង្កខាងលើ បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រានោះ បានបើកស្របទិសមកបុកពីក្រោយ បណ្ដាលឲ្យដួល ខ្ទាតមនុស្សបោកនឹងថ្នល់ កៀបម៉ូតូជាប់ពីមុខរថយន្ត អូសទៅជាង២០ម៉ែត្រ ទើបឈប់  បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកដំណើរ  រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកអន្តរាគមន៍ ផងដែរ។

ជិតមួយម៉ោងក្រោយមក សមត្ថកិច្ចក៏បានចុះមកដល់ រួចធ្វើការបាញ់គំនូស រង់ចាំសមត្ថកិច្ចផ្នែកវាស់វែង  នៃអធិការដ្ឋាន ខណ្ឌមានជ័យ  ចុះមកវាស់វែង ផងដែរ ។ តែការភ្ញាក់ផ្អើលកើតមានឡើងម្ដងទៀត  ខណៈដែលសមត្ថកិច្ច នាំសាច់ញាតិជនរងគ្រោះ  រួមទាំង អ្នកបេីករថយន្តបង្កទៅពិនិត្យមើល ស្ថានភាពជនរងគ្រោះ ស្រាប់តែប្រជាពលរដ្ឋ ដែលកំពុងចោមរោម នៅកន្លែងកើតហេតុ នោះ  ស្រែកឆោឡោ និងរារាំងមិនអោយនាំ អ្នកបើករថយន្តបង្ក ចេញពីកន្លែងកើតហេតុឡើយ ទើបសមត្ថកិច្ចបន្តរងចាំនៅកន្លែងកើតហេតុ  និងសម្របសម្រួលកុំអោយមានការស្រែកឡូឡាផ្អើលឆោឡោទៀតផងដែរ។

មួយសន្ទុះក្រោយមក ស្រាប់តែឃើញឡានពេទ្យគ្លីនិឯកជនសួគា៍ បើកត្រលប់មកកន្លែងកេីតហេតុ  រួចដើរទៅនិយាយជាមួយ អ្នកបើកបររថយន្តបង្ក  រួចនាំឡើងឡានពេទ្យ បើកគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល  រួចអោយតំណាងមកដោះស្រាយ ជាមួយភាគីជនរងគ្រោះនៅមន្ទីរពេទ្យទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍នៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះមកវាស់វែង រួចយក អូសរថយន្តនិងម៉ូតូអែបខាងសិន ដើម្បីរង់ចាំអោយភាគីតំណាងទាំងសងខាង ធ្វើការដោះស្រាយគ្នាមួយជំហានសិនដែរ  តែការដោះស្រាយមិនត្រូវរូវគ្នានោះទេ  ព្រោះភាគីខាងម៉ូតូទាមទារសំណង៣ពាន់ដុល្លារ ឯណោះ  ទើបប្រគល់អោយសមត្ថកិច្ច យករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post