header ads

Sponsor

ភ្នំពេញៈ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ  និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះដោយផ្ទាល់ ឆ្មក់ចូលទីតាំងបើកល្បែង ស៊ីសងខុសច្បាប់(សង្វៀន ជល់មាន់)មួយកន្លែង  ដោយស្ងាត់ៗ បន្ទាប់ពីទទួលបាន ដំណឹងពីប្រជាពលរដ្ឋ  និងអ្នកសារព័ត៌មានចុះផ្សាយថា លួចបើកលេងឡើងវិញ ប៉ុន្ដែជាក់ស្ដែងមិនឃើញមានអ្នកលេងជល់មាន់ឡើយ ដោយរកឃើញទ្រុងដាក់មាន់ រួមទាំងមាន់ជល់១១ក្បាល ផងដែរ។

ការឆ្មក់ចូលទីតាំង បើកល្បែងស៊ីសងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០:៣០នាទីព្រឹក  ថ្ងៃអាទិត្យ ទី៦ ខែតុលា  ឆ្នាំ២០១៩ ទីតាំងនៅផ្ទះលេខ២១៩  ផ្លូវជាប់មាត់ប្រឡាយទឹកស្អុយ ចូលតាមស្ពានទី២(មុខមន្ទីរពេទ្យរុស្សី) ស្ថិតក្នុងក្រុមទី២  ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍មួយសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ឈ្មោះ ឆើត ជាម្ចាស់ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ក្នុងនោះ មានទាំងល្បែងបៀរ និងអាប៉ោងខុសច្បាប់ ដែលអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ  ចុះបង្ក្រាបកាលពីកន្លងទៅនោះ តែងតែលួចបើកលេងឡើងវិញ ដោយស្ងាត់ៗបំផុត សូម្បីតែ សំឡេ​ងស្រែក ហ៊ោកញ្ជ្រៀវដូចមុន ក៏មិនលឺដែរ។

បើតាមសម្ដីរបស់អ្នកភូមិរស់នៅជុំវិញទីនោះ បានប្រាប់ឲ្យដឹងថា រាល់ពេលចូលក្នុងទីតាំងជល់មាន់ បៀរ និងអាប៉ោងដុះស្លែខាងលើនោះ អ្នកលេងទាំងអស់ត្រូវចូលលេងដោយស្ងាត់ៗ ទោះជា ពេលចាប់គូ តថ្លៃ ភាគរយ ក៏មិនត្រូវស្រែកឡូឡាឡើយ  ត្រូវរក្សាភាព ស្ងៀមស្ងាត់ជានិច្ច កុំអោយរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតនោះ ហើយពេលចេញមកវិញក៏ត្រូវតែស្ងាត់ដែរ ទាំងអ្នកចាញ់ អ្នកឈ្នះ ត្រូវតែធ្វើបែបនេះទាំងអស់គ្នា ទើបអាចលេងបានយូរ ។

លោកអនុសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងដែរថា  នៅពេលទទួលបានដំណឹងពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន លោកតែងតែបញ្ជាកម្លាំងនគរបាលខណ្ឌមានជ័យ ចុះទៅទីតាំង បើកល្បែងស៊ីសងខាងលើនេះ ជាច្រើនលើកមកហើយ  ប៉ុន្ដែជាក់ស្ដែងមិនឃើញមានអ្នកលេងជល់មាន់ឡើយ តែប្រមូលយកតែសម្ភារៈពាក់ព័ន្ធមាន់ជល់នេះយកមករក្សាទុកប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ ចំពោះការឆ្មក់ចូលទីតាំងខាងលើនេះ ជាលទ្ធផលជាក់ស្ដែង គឺមិនទាន់ដល់ម៉ោងលេង ទើបមិនមានមនុស្សអ៊ូអរ លោកអភិបាលខណ្ឌមានជ័យ ក៏បញ្ជាឲ្យដកហូតសម្ភារៈមួយចំនួនដូចជា មាន់ជល់ចំនួន១១ក្បាល និងទ្រុងក្រុងមាន់ចំនួន៩ ដែលមានម្ចាស់ឈ្មោះ អេង យៀង ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៩ ផ្លូវលំភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បច្ចុប្បន្ន ចំពោះសម្ភារៈដែលដកហូតខាងលើ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post