Sponsor

ថៃៈ ស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ រួមជាមួយនឹងសាមីខ្លួនផ្ទាល់ដែលជានារីរងគ្រោះ ក៏ដូចជា តម្រួតអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក (ប៉ោយប៉ែត) ស្រុកអារញ្ញប្រាថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដល់កម្លាំងនគរបាលកម្ពុជា ដែលបានធ្វើការរំដោះស្ត្រីដែលជាជនជាតិថៃម្នាក់ អោយរួចពីការឃុំខ្លួននៃការចាប់ជំរិតទារប្រាក់ ព្រមទាំងចាប់ខ្លួនជនល្មើសចំនួន៤នាក់ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

កាលពីពេលថ្មីៗនេះកាសែតក្នុងស្រុករបស់ថៃឈ្មោះ « ថៃរ៉ាត់ » បានចេញផ្សាយនូវព័ត៌មានមួយដោយបានលើកសរសើរដល់កងកម្លាំងសមត្ថកិច្ចកម្ពុជាដែលបានសម្រុកចូលរំដោះស្ត្រីម្នាក់ដែលជាជនជាតិថៃអោយ

រួចផុតពីការចាប់ខ្លួនរបស់ជនជាតិចិនម៉ាឡេស៊ី នៅក្នុងទឹកដី ខេត្តព្រះសីហនុ ដែលទីតាំងនោះគឺជាកន្លែងបនកាស៊ីណូអនឡាញ។ ដោយកាសែតបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក នៅចំណុចស្ថានីយតម្រួតអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិខ្លងលឹកក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ មានការជួបជុំមួយដែលក្នុងនោះមានទាំងតំណាងស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញមេបញ្ជាការតម្រួតអន្តោប្រវេសន៍ថៃ គឺលោកបេនចៈផុន រ៉តសាវ៉ាត  លោក ដេតថាត់ ឈ្លើមជីតមេបញ្ជាការកងរយ ទាហានព្រំដែនលេខ១២០១ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតដែលក្នុងនោះក៏មានស្ត្រីថៃម្នាក់ អាយុ២៤ឆ្នាំ ដែលជាជនរងគ្រោះ នៅក្នុងខេត្តព្រះសីហនុផងដែរ។

ស្ត្រីជនជាតិថៃរូបនោះ បានរៀបរាប់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នាងបានធ្វើដំណើរចេញពីប្រទេសថៃតាមយន្តហោះទៅកាន់ទីនោះដើម្បីសុំការងារធ្វើជាភ្នាក់ងារកាស៊ី​ណូអនឡាញ។ ប៉ុន្តែនៅទីនោះនាងត្រូវបានជនជាតិចិនម៉ាឡេស៊ី​ នៅក្នុងទីនោះចំនួន៤នាក់ ចាប់នាងយកទៅឃុំឃាំង ព្រមទាំងបានធ្វើទារុណកម្មដោយមានការវាយដំ ព្រមទាំងបានយកកន្ទុយបារីមកដុតលើជើងនាងជាច្រើនកន្លែងផងដែរ។ការឃុំខ្លួននោះរូបនាងត្រូវបានក្រុមចិនទាំងនោះបង្អត់អាហារចំនួន៣ថ្ងៃ ដោយអោយនាងទាក់ទងតាមទូរស័ព្ទទៅក្រុមគ្រួសារពិសេស គឺទៅស្វាមីរបស់នាង ដែលរស់នៅក្នុងស្រុកអារញ្ញប្រាថេតអោយរកប្រាក់មកប្រគល់អោយពួកគេចំនួន១៥០ ០០០បាត ថែមទាំងបានបញ្ជាក់ចុងក្រោយនេះថា បើរកប្រាក់មកប្រគល់អោយពួកគេមិនបានទេ គេនឹងកាត់ម្រាមដៃនាងផ្ញើទៅអោយស្វាមីមើលទៀតផង។ ការដើររកប្រាក់ពីសំណាក់ស្វាមីរបស់នាង គឺមិនបានប្រយោជន៍អ្វីទាំងអស់ ដោយសារតែរកមិនបានហើយម៉្យាងក៏មានការភ័យផងនោះ ទីបំផុតនៅថ្ងៃទី១៨ ខែឆ្នាំ ដដែលប្តីរបស់នាងក៏សម្រេចចិត្តចូលខ្លួនទៅប្តឹងតម្រួតខេត្តស្រះកែវ ដើម្បីសុំអន្តរាគមន៍ពីកម្លាំងប៉ូលិសកម្ពុជា។នៅទីបំផុតសមត្ថកិច្ចកម្ពុជា ក៏បានស្រាវជ្រាវរកឃើញទីតាំងដែលប្រព្រឹត្តបទល្មើសនោះ ព្រមទាំងបានម្រុកចូលទៅរំដោះនាងបានដោយសុវត្ថិភាព និងបានចាប់ខ្លួនជនជាតិចិនម៉ាឡេស៊ី  ចំនួន៤នាក់ថែមទៀតផង ដើម្បីបញ្ជូនខ្លួនតាមផ្លូវច្បាប់ ហើយក៏បានបញ្ជូនស្ត្រីរងគ្រោះទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។

នៅក្នុងឱកាសនោះផងដែរទាំងស្ត្រីរងគ្រោះ ក៏ដូចជាសមត្ថកិច្ចថៃ ពិសេសគឺតំណាងស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមត្ថកិច្ចកម្ពុជា ដែលបានសហការយ៉ាងល្អប្រសើរក្នុងការបង្ក្រាបបទល្មើស ដោយឡែកស្ត្រីរងគ្រោះបាននិយាយថានាងពិតជាត្រេកអររកអ្វីមកប្រៀបផ្ទឹមគ្មាន គឺហាក់បីដូចជាបានកើតម្តងទៀត នៅពេលដែលឃើញសកម្មភាពរបស់សមត្ថកិច្ចកម្ពុជា ជួយរំដោះនិងជូននាងបានទៅដល់ប្រទេសថៃវិញបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor