header ads

Sponsor

ភ្នំពេញៈ មានតែការអំពាវនាវប៉ុណ្ណោះ សម្រាប់អ្នកដែលស្គាល់កញ្ញា និងប្រជាជនខ្មែរក្នុង និងក្រៅប្រទេសអាចផ្តល់ការសង្ឃឹមឲ្យរស់រាន។ ម្ល៉ោះហើយយោងលើការចំណាយខ្លាំងគ្មានលទ្ធ​ភាពឡើយ ស្របពេលពេទ្យលើកឡើងថា មានវិធីព្យាបាលតែប្រើថវិកាច្រើន។

កញ្ញា ឆែ ដានី ម្ចាស់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើវេទិកាកិច្ចពិភាក្សាចំណេះដឹងទូទៅស្តីវប្បធម៌ជាតិឆ្នាំ២០១៨ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងដង្ហោយស្វែងរកការជួយសង្គ្រោះជីវិតពីសប្បុរសជន។

កញ្ញា ឆែ ដានី អាយុ២៦ឆ្នាំ ជាកូនអ្នកខេត្តពោធិ៍សាត់ ទើបបញ្ចប់ការសិក្សាផ្នែកអក្សរខ្មែរនៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ កញ្ញា ជាកុលធីតាខ្មែរមួយរូប ដែលបានរួមចំណែកយ៉ាងសកម្មភាពលើការងារមនុស្សធម៌ជាពិសេសលើផ្នែកវប្បធម៌។ កញ្ញា ធ្លាប់បានចូលរួមក្នុងសកម្មភាពយុវជនស្ម័គ្រចិត្តជួយរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងកម្មវិធីក្រមាវែងជាងគេលើពិភពលោករបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

ដានី ត្រូវបានគេស្គាល់កញ្ញាច្បាស់តាមរយៈការលេងឧបករណ៍បុរាណខ្មែរ «សាដៀវ ឬឯកតន្ត្រី»។ ព្រោះតែការស្រឡាញ់ឧបករណ៍តន្ត្រីបុរាណខ្មែរ ដានី បានឆ្លៀតពីការសិក្សារៀនសូត្រទៅរៀនលេងឧបករណ៍នេះរហូតដល់ស្ទាត់ជំនាញ។

បច្ចុប្បន្នកញ្ញា ឆែ ដានី កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយកំពុងសម្រាកព្យាបាលជំងឺនៅក្នុងប្រទេសវៀតណាម។ នៅក្នុងប័ណ្ណអំពាវនាវស្វែងរកការជួយសង្គ្រោះជីវិត ឆែ ដានី បានរៀបរាប់ឱ្យដឹងថា កញ្ញាកំពុងកើតជំងឺខួរឆ្អឹងខ្នងឈប់ផលិតគ្រាប់ឈាម (Aplastic Anemia)។

ដានី បានរៀបរាប់ក្នុងប័ណ្ណអំពាវនាវនោះទៀតថា ក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេលបីសប្តាហ៍មកហើយ ប៉ុន្តែខួរឆ្អឹងនៅតែមិនដំណើរការ។ ក្រោយពីព្យាបាលមួយរយៈមកនេះ គ្រូពេទ្យបានផ្តល់ជម្រើសព្យាបាលពីរយ៉ាងជូនកញ្ញា គឺការបណ្តុះខួងឆ្អឹង និងប្រើប្រាស់ថ្នាំចាក់ប្រភេទផ្សេង។ ការព្យាបាលក្នុងជម្រើសទី១ មានឱកាសជាសះស្បើយ ៨០ភាគរយ ខណៈជម្រើសទី២ មានឱកាសជាសះស្បើយប្រមាណ ៦០ភាគរយ។

បើតាមប័ណ្ណអំពាវនាវស្វែងរកការជួយសង្គ្រោះ កញ្ញា ដានី បានបញ្ជាក់ថា ការព្យាបាលក្នុងជម្រើសទាំងពីរនេះ ត្រូវចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លារ។

កញ្ញា ដានី បានបញ្ជាក់ថា ទំហំទឹកប្រាក់សម្រាប់ព្យាបាលជំងឺនេះ កញ្ញា និងគ្រួសារមិនមានលទ្ធភាពនោះឡើយ។ ដោយសារចង់បន្តមានជីវិត ដើម្បីរស់រៀននៅលើពិភពលោកនេះបន្តទៀត ដើម្បីបានតបស្នងសងគុណអ្នកមានគុណ និងធ្វើសកម្មភាពក្នុងបុព្វហេតុវប្បធម៌នោះ កញ្ញា ដានី បានទទូចសុំក្តីសណ្តោសពីសប្បុរសជនជួយបន្តជីវិតរបស់កញ្ញា។

កញ្ញា បានអំពាវនាវយ៉ាងដូច្នេះ «នេះប្រហែលជាក្តីសង្ឃឹមចុងក្រោយរបស់នាងខ្ញុំហើយ។ គ្រួសារនាងខ្ញុំពុំមានលទ្ធភាពដើម្បីបន្តព្យាបាលជំងឺនាងខ្ញុំទេ តែខ្ញុំនៅមានសង្ឃឹមថា បងប្អូន មិត្តភក្តិ នឹងអាចជួយចូលរួមតាមលទ្ធភាពដែលអាចជួយបាន ដើម្បីឲ្យខ្ញុំអាចបង្រៀនដូចដើម និងធ្វើការងារស្ម័គ្រចិត្តដើម្បីយុវជន និងសង្គមជាតិបន្តទៀត។ ខ្ញុំមិនអាចសរសេរបានច្រើនទេ ញ័រដៃណាស់ មានតែអរគុណទុកជាមុនសម្រាប់ទឹកចិត្តបរិច្ចាគជួយនាងខ្ញុំ»

ព្រោះតែក្តីអាណិតអាសូរចំពោះកញ្ញា ឆែ ដានី, អ្នកលេងបណ្តាញសង្គមជាច្រើន បានចែករំលែកនូវសារអំពាវនាវនេះ ជាមួយការរំលេចនូវសារអាណិតអាសូរជាច្រើន។

សប្បុរសជនដែលមានទឹកចិត្តសប្បុរសជួយសង្គ្រោះជីវិតកញ្ញា ឆែ ដានី សូមទាក់ទងសាកសួរពត៌មានតាមទូរស័ព្ទលេខ៖ 012462736/ 098 590 005។ សប្បុរសជនក៏អាចចូលរួមបរិច្ចាគថវិកាជួយសង្គ្រោះជីវិតកញ្ញាតាមគណនី៖ ABA 000485310 (Hour Tola)/ Wing 01567459 ( Meng Puthy)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post