
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា ថា ការឃាត់នេះ ធ្វើឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតោលេខ៦ ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ហើយបានយកមកកម្ទេចចោលនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងស្ថានីយកសិកម្មទឹកវិល ក្រុងសៀមរាប។
មន្ត្រីដដែលបន្តថា កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយ ការិយាល័យបង្ការ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៥ និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ចាប់ បទល្មើសដឹកជញ្ជូនផលិតផលមានដើមកំណើតពីសត្វជ្រូក រួមមាន៖ក្រពះ, ជើង, ត្រចៀក, កន្ទុយ, ពោះវៀនធំ, អណ្តាត, ខួរ, ឆ្អឹងក, ឆ្អឹងជំនី សរុបចំនួន ២១កេស ស្មើនឹង១៣៣០ គីឡូក្រាម ដឹកចេញពីប្រទេសថៃ ឆ្លងកាត់តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែមកដល់ទីតាំងស្រុកពួក ក្រុមការងារបានធ្វើការឃាត់ចាប់ និងអនុវត្តច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយបានអនុវត្តវិធានការបសុពេទ្យ (កម្ទេចចោល) ដែលមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម ស្នងការរងទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ភ្នាក់ងារតំណាងការិយាល័យបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ តំបន់៥ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប។
នៅរសៀលថ្ងៃទី២៥ ខែតុលា មន្ត្រីគយចល័តប្រចាំខេត្តសៀមរាប កំពុងសួរនាំអ្នកបើកបររថយន្តឈ្មោះ ឆុង ចាន់ដា អាយុ៣៩ឆ្នាំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕








