header ads

Sponsor

ថៃៈ នារីរងគ្រោះជនជាតិថៃ៣នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមសមត្ថកិច្ចកម្ពុជា ដែលបានសហការយ៉ាងឆាប់រហ័ស ក្នុងការចូលទៅរំដោះពួកនាងចេញពីការចាប់បង្ខាំងខ្លួន នៅក្នុងហាងម៉ាស្សាមួយកន្លែង ក្នុងខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយជនជាតិចិន។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមតម្រួតថៃប្រចាំខេត្តស្រះកែវ បានទទួលសេចក្តីរាយការណ៍មួយពីនារីរងគ្រោះជនជាតិថៃ៣នាក់ ត្រូវបានជនជាតិចិន ចាប់បង្ខាំងនៅក្នុងទីតាំងម៉ាស្សា២៤ម៉ោងលើ២៤ ម៉ោងមួយកន្លែង ក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ បន្ទាប់មកសមត្ថកិច្ចថៃ ក៏បានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីចាត់កម្លាំងក្នុងការចូលរំដោះនារីរងគ្រោះ។

ទីបំផុតនៅវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចកម្ពុជា បានចូលរំដោះនារីរងគ្រោះជាជនជាតិថៃ បានដោយសុវត្ថិភាព ព្រមទាំងបានឃាត់ខ្លួនជនជាតិចិន៣នាក់ផងដែរ ដើម្បីនាំខ្លួនយកមកសាកសួរ។

ក្នុងឱកាសនោះដែរ កុងស៊ុលថៃប្រចាំទីក្រុងភ្នំពេញ រួមជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា បាននាំនារីរងគ្រោះមកសាកសួរ ដោយពួកនាងបានរៀបរាប់ថា ពួកនាងបានចូលទៅធ្វើការនៅក្នុងទីតាំងម៉ាស្សានោះជាង២ខែមកហើយ ដោយក្នុងកិច្ចសន្យាធ្វើតែ៨ម៉ោងប៉ុណ្ណោះ ក្នុង១ថ្ងៃ ប៉ុន្តែពេលចូលទៅធ្វើការ គឺប៉ាស្ព័រពួកនាង ត្រូវបានថៅកែចិនដកទុកទាំងអស់ ថែមទាំងបង្ខំអោយធ្វើការ២៤ម៉ោង ហើយគ្មានប្រាក់ខែ បើកអោយទៀត ពិសេស គឺនៅចុងក្រោយនេះ ពួកនាងម្នាក់ បានធ្លាក់ខ្លួនឈឺ ក៏គេមិនអនុញ្ញាតអោយចេញក្រៅ ដើម្បីទៅរកគ្រូពេទ្យដែរ ទើបពួកនាងលួច​ទាក់ទងទៅស្ថានីយតម្រួតក្នុងខេត្តស្រះកែវ ក្នុងការជួយអន្តរាគមន៍។

ទីបំផុតនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែតុលា សមត្ថកិច្ចកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ រួមជាមួយនឹងតំណាងស្ថានទូតថៃប្រចាំក្រុងភ្នំពេញ បានបញ្ជូននារីរងគ្រោះទាំង៣នាក់ ទៅប្រគល់អោយសមត្ថកិច្ចថៃ ប្រចាំច្រកអន្តរជាតិខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ វិញ ដែលក្នុងនោះមានលោក បេនចៈផុន រ៉តសាវ៉ាត ប្រធានអន្តោប្រវេសន៍ ខេត្តស្រះកែវ កម្លាំងកងរយលេខ១២០១ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត   ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមត្ថកិច្ចកម្ពុជា ដែលបានធ្វើការទាន់ពេលវេលា ពិសេសគឺនារីរងគ្រោះដែលនាងនឹងស្មានថា មិនអាចមានពេលវិលត្រឡប់មកប្រទេសថៃវិញបាននោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post