header ads

Sponsor

ភ្នំពេញៈ លោក តូម៉ូហ៊ីរ៉ុ ខាណាតាក តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ការបង្កើតបទដ្ឋានគតិយុត្តិ ជាពិសេសច្បាប់ស្តីពីកំពង់ផែ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី សេចក្តីព្រាងច្បាប់កំពង់ផែ ដើម្បីទទួលបានធាតុចូលក្នុងការបំពេញបន្ថែម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ លោក តូម៉ូហ៊ីរ៉ុ ខាណាតាក មានប្រសាសន៍ថា ការជំរុញ ក្នុងការបង្កើតបទដ្ឋានគតិយុត្តិ ជាពិសេសច្បាប់ស្តីពីកំពង់ផែ គឺពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាកាន់តែប្រសើរ

ចំណែក អ្នកតំណាងជាន់ខ្ពស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) បានបង្ហាញការជឿជាក់ថា ច្បាប់ស្តីពីកំពង់ផែ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ប្រកបដោយចីរភាព។ ហើយទីភ្នាក់ងារ JICA ក៏មានក្ដីសង្ឃឹមថា សេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ និងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតឱកាសនោះដែរ លោក ចាន់ តារា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបរាប់ថា វិស័យកំពង់ផែ បានជំរុញវិស័យពាណិជ្ជកម្មគ្រប់ប្រភេទ និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។ជាពិសេស កម្ពុជាបានទទួលការវិនិយោគជាបន្តបន្ទាប់ពី ដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យកំពង់ផែ ដែលធ្វើឲ្យវិស័យនេះទទួលបាននូវការអភិវឌ្ឍគួរជាទីមោទនៈ។

ជាងនេះទៅទៀត អនុរដ្ឋលេខាធិការ ពន្យល់លម្អិតលើ សេចក្តីព្រាងច្បាប់កំពង់ផែ និងមានការពិភាក្សាជាក្រុមតូចៗក្នុងគោលដៅដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់រវាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនកំពង់ផែឯកជនផ្សេងៗ ក៏ដូចជាដើម្បីប្រមូលធាតុចូលគ្រប់ភាគីពាក់ព័ន្ធ។

រដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្ត ឲ្យអ្នកចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សិក្សាស្វែងយល់ ការពិភាក្សាជាក្រុម និងផ្តល់ជាមតិយោបល់កែលម្អសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឲ្យកាន់តែល្អប្រសើរដើម្បីយកមកអនុវត្តក្នុងការបម្រើជាប្រយោជន៍ជូនប្រទេសជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post