header ads

Sponsor

កំពង់ចាមៈ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងក្រសួងពាក់ពន្ធ័ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំអជ្ញាធរ ខេត្តត្បូងឃ្មុំ ព្រមទាំង ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ គន់  គីម  បានបញ្ជាក់ថា  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច បញ្ចេញ ស្រូវពូជ ពីក្រសួងកសិកម្ម ក្នុង កម្មវិធីប្រពន្ធ័ស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋធ្វើការស្តាឡើងវិញ ឲ្យទាន់ពេលវេលា ហើយ  តំបន់ភូមិសាស្ត្រណាដែល មិនអាចដាំដុះស្រូវបាន គឺត្រូវសិក្សាលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ពូជ ដំណាំផ្សេង ជំនួសវិញ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរាយការណ៍ជូនអង្គប្រជុំ អំពីផលប៉ះពាល់ ទឹកជំនន់ ដែលរួមមាន ០៩ស្រុក-ក្រុងដែលមានទឹកលិច ក្នុងនោះ មាន ស្រុកចំនួនបីគឺ ស្រុកជើងព្រៃ,ស្រុកស្រីសន្ធរ និងស្រុកស្ទឹងត្រង់ ដែលមានផ្ទៃដីស្រូវ លិចខូចចំនួន ១០៧៥ ហិចតា ត្រូវការស្រូវពូជស្រូវ សម្រាប់ស្តារឡើងវិញជាបន្ទាន់។

លោក​រដ្ឋលេខាធិការក្រសួងកសិកម្ម និង លោក ប្រធាននាយកដ្ឋាន ដំណាំស្រូវ បានបញ្ជាក់ជូន អំពីប្រភេទពូជស្រូវ ខា១៥ ដែលអង្គការ កាឌី បាន រក្សាទុកនៅខេត្តព្រៃវែង ជាពូជស្រូវល្អ ប្រើពេលដាំដុះតែ១០០ថ្ងៃ ហើយមានតំលៃលើទីផ្សារខ្ពស់ សក្តិសមនឹងពេលវេលា សំរាប់ប្រជាពលរដ្ឋ ស្តារឡើងវិញ ក្រៅពីស្រូវពូជ នៅមានពូជដំណាំរួមផ្សំ ៦មុខទៀត។ ចំពោះបែបបទនៃការផ្តល់ពូជនេះ តម្រូវអោយមូលដ្ឋានចុះពិនិត្យជាក់ស្តែង ចំពោះផ្ទៃដី ដែលត្រូវស្តារឡើងវិញ តាមគ្រួសារនិមួយៗ អោយដឹងច្បាស់ពីតម្រូវការពូជ ប្រភេទពូជ ហើយ ខាងជំនាញកសិកម្ម និងសហការចូលរួមចែកពូជ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់ជូនពីរបៀបប្រើពូជ និងការដាំដុះ តាមបច្ចេកទេសកសិកម្មអោយបានត្រឹមត្រូវ។

បន្ទាប់ពីកិច្ចប្រជុំរួច លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនាយឧត្តមសេនីយ៍ គន់ គីម បានបន្តដំណើរមកមើលផ្ទៃដីស្រែដែលខូខាតជាក់ស្តែង នៅឃុំសូទិប ស្រុកជើងព្រៃ  និង បានជួបសួរសុខទុក្ខ ប្រជាពលរដ្ឋដោយផ្ទាល់ ដែលត្រូវផ្តល់ពូជស្រូវ សំរាប់ធ្វើស្រែឡើងវិញ ធ្វើអោយប្រជាពលរដ្ឋ  សប្បាយរីករាយ ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post