
ភ្នំពេញៈ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ នាពេលបច្ចុប្បន្ននេះ ឃើញថា មានការរីកចម្រើន និងអភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ ដោយសារមានសំណង់ ឬអគារយ៉ាងច្រើន កុះករកើតឡើង អមសងខាងផ្លូវ តែក្រុមឈ្មួញរកស៊ីដឹកដី ដឹកខ្សាច់ ដើម្បីផ្គត់ផ្គង់លំនៅឋាន ឬអគារផ្សេងៗ បាននិងកំពុងធ្វើឱ្យបាត់បង់ សោភ័ណភាព ផ្លូវ៦០ម៉ែត្រទៅវិញ ទោះបីជាអាជ្ញាធរ ខិតខំថែទាំ និងអប់រំណែនាំក្រុមរថយន្តដឹកខ្សាច់ទាំងនោះយ៉ាងណាក៏ដោយ ក៏ក្រុមរថយន្តដឹកខ្សាច់អស់ទាំងនោះ លួចដឹកពេលយប់ ទាំងមានហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវដដែល។
រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការកែសម្រួល ទៅលើក្រុមរថយន្តដឹកខ្សាច់ ហូរទឹកកក្លាក់ កំពប់ធ្លាក់តាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អងែ្រកោម ក្នុងខណ្ឌមានជ័យ នៅឡើយនោះទេ ដោយបន្តដឹកជញ្ជូនដី និងខ្សាច់ ឆ្លងកាត់តាមផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ គឺមិនបានគ្របតង់ឲ្យបានត្រឹមត្រូវទេ ធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវ ទុកឲ្យអាជ្ញាធរខណ្ឌមានជ័យ ជាពិសេស ក្រុមសណ្ដាប់ធ្នាប់ខណ្ឌ ចុះមក បាញ់លាងសម្អាត និងប្រមូលខ្សាច់ចេញជារេីយៗ ទោះជាមានការចុះអប់រំណែនាំ ក៏ពួកគាត់ផ្គេីនមិនគោរពតាមការំណែនាំរបស់អាជ្ញាធរក៏ដោយ។
ក្នុងអំឡុងពេល ១០ថ្ងៃនេះ ចាប់ពីថ្ងៃទី១៧ រហូតមកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងប្រជាការពារខណ្ឌមានជ័យ ដឹកនាំដោយ លោក ឡេង ចន្ទសុភ័ត្រា ប្រធាន ប្រជាការពារខណ្ឌ បានចុះធ្វើការបាញ់លាងសម្អាតអោយបានស្អាតឡើងវិញជាប្រចាំទៅហើយ ១០ថ្ងៃ បាញ់សម្អាត៧ដងហេីយ ព្រោះនៅពេលដីឬខ្សាច់ស្ងួត ប្រែជា ហ៊ុយដី ទ្រលោម ប៉ះពាល់ដល់បរិស្ថាន និងអ្នកដំណេីរឆ្លងកាត់នោះ ជាមិនខាន។
គួរបញ្ជាក់ថា កន្លងទៅលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានសង្កត់ធ្ងន់ថា"បច្ចុប្បន្នផ្លូវជាតិលេ២ និងមហាវិថីសម្ដេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ ) នៅពេលនេះ វាពិតជាមានសារះសំខាន់ខ្លាំងណាស់ ពោលគឺបងប្អូនប្រជាជន គាត់ងាយស្រួលធ្វើដំណើរចេញចូលមកកាន់ទីក្រុងភ្នំពេញ ពិសេសក្នួយៗធ្វើដំណើរទៅសាលារៀន ហេីយអ្វីដែលសំខាន់នោះ គឺជាផ្លូវដែលសម្ដេចនាយករដ្ឋមន្ត្រី ធ្វើដំណើរឆ្លងកាត់ ជាប្រចាំ ថែមទៀតផង មិនមែនអស់លោកជាអ្នក រកស៊ីដឹកដី ដឹកខ្សាច់ ដើម្បីផ្គត់ផ្គង់ លំនៅឋាន ឬអគារផ្សេងៗ បានធ្វើឱ្យ បាត់បង់សោភ័ណភាពផ្លូវបែបនេះនោះទេ។
បន្ទាប់ពីមានការណែនាំពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នោះ លោកអភិបាល រង ក៏បានបញ្ជាឲ្យ កម្លាំងរងចាំ ឃាត់រថយន្តដឹកខ្សាច់ធុនធំ ណា ដែល មិនគោរពតាមការណែនាំនោះ គឺត្រូវតែឃាត់ យកទៅរក្សាទុក បណ្ដោះអាសន្ន នៅសាលាខណ្ឌមានជ័យ និងហៅអ្នកគ្រប់គ្រងមកណែនាំ និងធ្វេីកិច្ចសន្យា ដើម្បីឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ដែលធ្លាក់ ពេញផ្លូវនោះឲ្យបានស្អាតជាមុនសិន ទើបអនុញ្ញាប្រគល់រថយន្តជូនវិញ។
ដូច្នេះហើយ សូមឲ្យអ្នកបើកបររថយន្តទាំងនោះ ចូលរួមសហការណ៍សម្អាតបរិស្ថាន ដើម្បីយើងទាំងអស់គ្នា សោភ័ណ្ឌភាពដងផ្លូវ ឲ្យមានសណ្តាប់ធ្នាប់ល្អ ចៀសវាង ធ្លាក់ដី ធ្លាក់ខ្សាច់ ឬថ្ម ប៉ះពាល់ខ្ទាតប្រលាក់ តាមផ្លូវ ឬអ្នកដំណើរ ហេីយ មួយវិញទៀត នៅពេលដី ឬខ្សាច់ស្ងួត វានិងប្រែជាកម្ទេចដី ហ៊ុយដី ទ្រលោម ប៉ះពាល់ដល់បរិស្ថាន យេីងត្រូវសហការគ្នាចូលរួមថែទាំ និងសម្អាតឲ្យបានស្អាតឡើងវិញ ដេីម្បីងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព ពោលគឺមិនបង្កការគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ៕










