
ភ្នំពេញៈ ភោជនីយដ្ឋាន “ឌីសេន ផាលេស” ស្ថិតនៅអគារលេខ១៩៥ តាមបណ្ដោយផ្លូវលេខ៦៣(ត្រសក់ផ្អែម) កែងផ្លូវលេខ៣០២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានបង្កការរំខានដល់អ្នកដំណើរយូរណាស់មកហើយ ព្រោះមានរថយន្តទំនើបៗ ត្រូវបានក្រុមសន្តិសុខរបស់ភោជនីយដ្ឋាននេះ រៀបចំឲ្យចតលើផ្លូវ។ ជាងនេះទៅទៀត នៅពេល រថយន្តចេញចូល ឈប់ ឬចូលហូបអាហារម្តងៗ ក្រុមសន្តិសុខ តែងតែចេញមកបិទផ្លូវ ដើម្បីឲ្យរថយន្តនោះ ចូលចត ដោយគ្មានគិតពីអ្នកដំណើរ ឬការកកស្ទះលើផ្លូវបន្តិចសោះឡើយ។
ជាក់ស្ដែង កាលពីវេលាម៉ោង៩៖១០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានបុរសជនជាតិចិនម្នាក់ បើករថយន្ត Mercedez បញ្ច្រាសផ្លូវវ៉ាជែងរថយន្ត ដែលចតលើផ្លូវនោះ ហើយក៏ជ្រុលចង្កូតមកបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យដាច់កង់ម្ខាង និងបុកប៉ះម៉ូតូមួយគ្រឿងទៀតផង។
បើតាមសម្ដីបុរសរងគ្រោះជាម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ក បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់ បានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ធ្វើដំណើរតាមផ្លូវ៦៣ ទិសដៅពីត្បូងទៅជើង ព្រមទាំងមានម៉ូតូរងគ្រោះមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1B-4432 បានធ្វើដំណើរស្របគ្នាផងដែរ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Mercedez ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-6381 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរបញ្ច្រាសផ្លូវ និងវ៉ាជែងគេឯងទាំងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានជែងរថយន្តចតលើផ្លូវ ហើយក៏ជ្រុលចង្កូតមកបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យដាច់កង់ម្ខាង និងបុកប៉ះម៉ូតូខាងលើ រងការខូចខាតផងដែរ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានជួយសម្រួលចរាចរណ៍ ព្រមទាំងសម្របសម្រួលភាគីបង្ក និងភាគីរងគ្រោះឲ្យត្រូវរូវគ្នា ដោយភាគីរថយន្តបង្កព្រមសងថ្លៃខូចខាតទៅម្ចាស់រ៉ឺម៉កសណ្ដោងចំនួន100$ និងភាគីខាងម្ចាស់ម៉ូតូរងគ្រោះចំនួន50$ ដើម្បីបញ្ចប់រឿងតែម្ដង។
បើតាមទ្រឹស្តី ក្នុងមេរៀនទេសចរណ៍ និងបដិសណ្ឋារកិច្ច បើភោជនីយដ្ឋាន ឬសណ្ឋាគារ ណា មិនមានចំណតត្រឹមត្រូវ សម្រាប់អតិថិជនរបស់ខ្លួនទេ គឺមិនអនុញ្ញាតឲ្យបើកអាជីវកម្មឡើយ ។ ប៉ុន្តែផ្ទុយពីទ្រឹស្តី រៀននៅសាលា អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ លែងគិតអស់ហើយ គឺមានតែក្រដាស ស្នើសុំនឹងស៊ីញ៉េឲ្យបើកភោជនីយដ្ឋាន សណ្ឋាគារ ឬសាលារៀន ដោយមិន ទាំងចុះពិនិត្យទីតាំង ពិសេស គឺទីតាំងចំណតយានយន្តនោះទេ ជាក់ស្ដែងដូចនៅភោជនីយដ្ឋាន “ឌីសេន ផាលេស” ជាឧទាហរណ៍ស្រាប់៕









