
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចកស៊ីវិលមួយក្រុមមានគ្នាប្រមាណ៧-៨នាក់ បានដេញតាមចាប់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ កំពុងបើកកង់បីឥណ្ឌា មួយគ្រឿង ដោយសមត្ថកិច្ចចោទថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញឿន។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំបន់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលជាអ្នកបើកកង់បីឥណ្ឌា សមត្ថកិច្ចមិនអនុញ្ញាតឲ្យស្គាល់អត្តសញ្ញាណទេ ចំណែកជនសង្ស័យម្នាក់ទៀត លោតចុះពីកង់បីឥណ្ឌា រត់គេចខ្លួនបាត់ស្រមោល។
តាមសម្តីកម្លាំងសមត្ថកិច្ចស៊ីវិលម្នាក់ បានឲ្យដឹងថា នេះគឺជាករណីបង្រ្កាបគ្រឿងញៀន ហើយជនង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងបានតាមដានរហូតមកដល់ចំណុចមុខមន្ទីរពេទ្យសូវៀត-កម្ពុជា (ពេទ្យរុស្ស៉ី) ដោយឃើញមានការសង្ស័យ កំពុងចរាចរគ្រឿងញៀន ក៏ធ្វើការសួរនាំ តែជនសង្ស័យបានបើកកង់បីឥណ្ឌាព្យាយាមគេចខ្លួនមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ឃាត់ខ្លួនបានម្នាក់ រួមនឹង កង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ 1HF-3968 ចំណែកជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់សមោល។
ក្នុងហេតុការណ៍នោះ កម្លាំងសមត្ថកិច្ចស៊ីវិលទាំងនោះ មិនបានបញ្ជាក់ថា មានគ្រឿងញៀន ឬអត់នោះទេ ហើយភ្លាមៗនោះ សមត្ថកិច្ចបាននាំជនសង្ស័យ រួមទាំងកង់បីឥណ្ឌា ចេញពីកន្លែងកើតហេតុបាត់៕



