header ads

Sponsor

ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើងហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះអំណាងនៃការជ្រៀតជ្រែកផង និងជាឧបករណ៍នយោបាយអន្តរជាតិផង។

នេះបើយោងតាមលទ្ធផលកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN)នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលលោកប្រាក់ សុខុនបានដឹកនាំគណៈប្រតិភូខ្មែរចូលរួមចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ ២០១៩ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីតថភាពនៃពិភពលោក ពហុប៉ូល និងភាពផុយស្រួយនៃពហុភាគីនិយម ដោយសារកិច្ចគាំពារនិយម និងឯកតោភាគីនិយម និងការបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដោយបំពានលើធម្មនុញ្ញរបស់ UN។ ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើង ហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះអំណាងនៃការជ្រៀតជ្រែកផង និងជាឧបករណ៍នៃនយោបាយអន្តរជាតិផង។

លោកន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ថា ការគោរពគោលការណ៍សមភាព និងអធិបតេយ្យភាព ការគោរពសិទ្ធិក្នុងការចាត់ចែងជោគវាសនាដោយខ្លួនឯង និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចមានចែងក្នុងធម្មនុញ្ញUN មានសារៈក្នុងការធានាឲ្យពហុភាគីនិយមរស់រានបន្ត និងអាចស្វែងរកមាគ៌ាសន្តិភាព និងស្ថិរភាព សាមគ្គីភាព និងវឌ្ឍនភាព។

ពាក់ព័ន្ធកម្ពុជាវិញ លោក ប្រាក់ សុខុន បានជម្រាបជូនអង្គមហាសន្និបាតអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលផ្តោតជាសំខាន់លើគុណភាព និងបរិយាប័ន្ននៃការអភិវឌ្ឍឈរលើស្មារតី «មិនទុកនរណាម្នាក់ចោលឡើយ» ការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ UN និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តគាំទ្រលើពហុភាគីនិយម ពាណិជ្ជកម្មសេរី និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងមានUNជាស្នូល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post