
ភ្នំពេញៈ រថយន្តបែនដឹកដី បើកបញ្ច្រសផ្លូវ ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដ ហើយរួចទៅបុកគូថរថយន្តព្រូស ខូចខាតទាំងបីគ្រឿង តែមិនមានមនុស្សណាម្នាក់ រងរបួសនោះឡើយ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣សៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៩ ចំណុចទល់មុខសាហ្វារីវើល តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តហ្វុយសូ ដឹកដី ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3A 4410 អ្នកបើកបរមិនស្គាល់ឈ្មោះ បានចុះពីលើរថយន្តគេចខ្លួនបាត់។ រថយន្តម៉ាកហាយប្រ៊ីដ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-7872 ខូចខាតកំណាត់មុខយ៉ាងដំ ណំអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះ។រថយន្តព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AY 8657 ខូចខាតចំហៀងខាងស្តាំ អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយប្រ៊ីដ និងរថយន្តព្រូស បើកតាមមហាវិថីឈ្នះឈ្នះ ពីកើតទៅលិច ដោយរថយន្តហាយប្រ៊ីដ បើកខាងមុខ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហ្វុយសូ (ឡានដឹកដី) បើកបញ្ច្រាសផ្លូវពីលិចទៅកើតបំណងបត់ទៅជើង ក៏បុករថយន្តហាយប្រ៊ីដ រួចក៏វេគូថទៅប៉ះរថយន្តព្រូស ដែលបើកពីក្រោយខូចខាតយ៉ាងដំណំទាំងពីរគ្រឿង ចំណែករថយន្តបង្ក បែកធុងខ្យល់ទៅមុខលែងរួច ។ ចំណែកអ្នកបើករថយន្តទាំងបីគ្រឿង មិនរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ដោយមើលឃើញខូចខាតធ្ងន់ធ្ងរពេក ក៏ទាក់ទងជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី រង់ចាំដោះស្រាយជាក្រោយ៕








