header ads

Sponsor

កណ្តាលៈ នារីកម្មការនីរោងចក្រពពោះ២ខែ បានស្លាប់ ដោយសារកូនក្រៅស្បូន បន្ទាប់ពីឈឺចុកពោះពេក ត្រូវអ្នកផ្ទះឲ្យប្រេងខ្យល់លាបពោះ ហើយក៏ចូលសម្រាកក្នុងបន្ទប់  លុះដល់ម៉ោងបាយ ទៅដាស់ហូបបាយ ស្រាប់តែនាងស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨៖៤៥នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ គុណ ស្រីកា  ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនី ជនជាតិខ្មែរ ទីកន្លែងស្នាក់នៅ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៨.១០.២០១៩ វេលាម៉ោង១៩:០០នាទី ជនរងគ្រោះបានទៅជាមួយសង្សារ ដែលរស់នៅជាមួយគ្នាដូចប្តី ដោយប្រាប់អ្នកផ្ទះថា ទៅមន្ទីរពេទ្យ ជនរងគ្រោះមានទម្ងន់២ខែហើយ ដោយទៅបាត់មិនឃើញមកវិញ។ លុះដល់ថ្ងៃទី៣០.១០.២០១៩វេលាម៉ោង២០:០០នាទី ឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ដោយប្រាប់ប្អូនថា ចុកពោះណាស់ រួចបានឲ្យប្រេងខ្យល់លាបពោះ បន្ទាប់មកជនរង គ្រោះ បានរាងធូរ ដល់ថ្ងៃទី៣១.១០.២០១៩ វេលាម៉ោង៥:០០នាទី ជនរងគ្រោះនិយាយថា ចុកពោះណាស់ ក៏បានដេកខាងក្រៅបន្ទប់ជាមួយប្អូន។

ក្រុមគ្រួសារបន្តថា រហូតដល់ម៉ោង៧:០០នាទីព្រឹក ក៏ឃើញជនរងគ្រោះ វារទៅដេកក្នុងបន្ទប់វិញ ប្រហែលមួយសន្ទុះក្រោយមក ក៏បានដាស់ជនរងគ្រោះឲ្យហូបបាយ ស្រាប់តែជនរងគ្រោះមិនមាត់ ទើបនាំគ្នាយកទឹកជូតមុខ និងអង្រួនជនរងគ្រោះឲ្យដឹងខ្លួន ប៉ុន្តែជនរងគ្រោះមិនដឹងខ្លួន ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

ក្រោយមកសមត្ថកិច្ចជំនាញ និង​គ្រូពេទ្យ ចុះមកពិនិត្យឃើញថា សាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូអ្នកគ្រូពេទ្យ កោសល្យវិច័យមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល ជនរងគ្រោះ ស្លាប់ដោយសារ ចុកពោះបណ្តាលឲ្យស្លាប់(អាចកូនក្រៅស្បូន)។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post